(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាអាជ្ញាធរប៉ាឡេស្ទីន គួរតែជាអ្នកគ្រប់គ្រងលើតំបន់ Gaza និងតំបន់ West Bank នៅក្រោយសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបិទបញ្ចប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទវិចារណកថាមួយចេញផ្សាយដោយកាសែតអាមេរិក Washington Post កាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខណៈយើងកំពុងព្យាយាមស្វែងរកសន្តិភាព តំបន់ Gaza និង West Bank គួរតែស្ថិតនៅក្រោមរចនាសម្ព័ន្ធគ្រប់គ្រងតែមួយរបស់អាជ្ញាប៉ាឡេស្ទីន ស្របពេលដែលយើងកំពុងប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយរដ្ឋ២»។ លោកបន្ថែម ទៀតថាការធ្វើបែបនេះ នឹងមិនមានឡើយការបណ្ដេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំចេញពីតំបន់ Gaza គ្មានឡើយការកាន់កាប់ឡើងវិញ គ្មានឡើយ ការហ៊ុមព័ទ្ធ ឬក៏ការបិទខ្ទប់ ហើយក៏គ្មាននោះដែរការកាត់ទឹកដី។

គួរបញ្ជាក់ថា ការចេញផ្សាយបទវិចារណកថារបស់លោក បៃដិន ត្រូវបានគេមើលឃើញថាមានបំណងឆ្លើយតបទៅនឹងសំណួរនូវអ្វីដែលសហរដ្ឋអាមេរិក ចង់បានសម្រាប់តំបន់ Gaza ក្រោយសង្រ្គាមបញ្ចប់។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញការជំទាស់រួចទៅហើយ ចំពោះការប្រគល់តំបន់ Gaza ទៅឱ្យអាជ្ញាធរប៉ាឡេស្ទីនជាអ្នកគ្រប់គ្រង ដោយសំអាងថាអាជ្ញាធរប៉ាឡេស្ទីនសព្វថ្ងៃ មិនមានសមត្ថភាពគ្រប់គ្រងតំបន់ Gaza ឡើយ ហើយលោកផ្ទាល់ក៏ធ្លាប់លើកដែរថាអ៉ីស្រាអែលគួរតែជាអ្នកគ្រប់គ្រងសនិ្តសុខនៃតំបន់នេះទាំងមូល៕

រូបភាពពី AFP