(តៃប៉ុ)៖ កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបានរាយការណ៍ជាថ្មីពីសកម្មភាពយោធារបស់ចិននៅក្បែរដែនកោះរបស់ខ្លួន ដោយក្នុងនោះ មានយន្ដហោះយោធា ៩គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ហើយនាវាចម្បាំងជាច្រើនគ្រឿងដឹកនាំសកម្មភាពល្បាត ត្រៀមលក្ខណៈប្រយុទ្ធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងចំណោមយន្ដហោះយោធាទាំង៩គ្រឿងនេះ ក្នុងនោះរួមមានយន្តហោះចម្បាំង Su-30 និង J-10 រួមទាំង យន្ដហោះយោធា electronic warfare ដែលហោះអមដំណើរនាវាចម្បាំងចិនដែលកំពុងដឹកនាំប្រតិបត្តិការល្បាតត្រៀមលក្ខណៈប្រយុទ្ធ។ ប៉ុន្តែ យោធាតៃវ៉ាន់ ក៏បានបញ្ជូនកងកម្លាំងរបស់ខ្លួន ដើម្បីតាមដានសកម្មភាពរបស់ចិនផងដែរ។

គួរបញ្ជាក់ថា ការអះអាងពីសកម្មភាពយោធារបស់ចិននៅក្បែរកោះតៃវ៉ាន់ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកិច្ចប្រជុំ APEC ក្នុងទីក្រុង San Francisco ជាទីដែលលោក ស៊ី ជីនពីង បានប្រាប់លោក ចូ បៃដិន ថាតៃវ៉ាន់ គឺជាបញ្ហាដ៏ធំ និងគ្រោះថ្នាក់បំផុតនៅក្នុងទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៕