(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបដិសេធការចុះផ្សាយព័ត៌មានដែលថាប្រទេសកាតា បាន ជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងមួយរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស គាំទ្រដោយសហរដ្ឋអាមេរិក លើបទឈប់បាញ់រយៈពេល៥ថ្ងៃ​ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការបដិសេធរបស់សេតវិមាន ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយកាសែតអាមេរិក Washington Post បានរាយការណ៍ថាអ៉ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបឋមមួយគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ ជាថ្នូរនឹង បទឈប់បាញ់រយៈពេល ៥ថ្ងៃ។

កាសែតអាមេរិក Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើក្រុមមន្ត្រីអាមេរិកដែលបានដឹងពីកិច្ចព្រមព្រៀងខាងលើ។ តាម កិច្ចព្រមព្រៀងមានកម្រាស់ ៦ទំព័រនេះដដែល ភាគីទាំងអស់នឹងផ្អាកការប្រយុទ្ធរយៈពេល ៥ថ្ងៃ ខណៈចំណាប់ខ្មាំង ៥០នាក់ ឬអាចច្រើនជាងនេះ នឹងត្រូវបានដោះលែងជាក្រុមតូចៗក្នុងរយៈពេលរៀងរាល់ ២៤ម៉ោង។ បន្ថែមពីលើនេះ កិច្ចព្រមព្រៀងក៏មានបំណងអនុញ្ញាតដល់ការផ្ដល់ជំនួយ មនុស្សធម៌សម្រាប់ប្រជាជនស៊ីវិលផងដែរ។ Washington Post បានបន្ថែមទៀតថាចំណាប់ខ្មាំងអាចនឹងត្រូវបានដោះលែង នៅប៉ុន្មានថ្ងៃ ខាងមុខ។

យ៉ាងណាក៏ដោយ ក្នុងសារមួយលើបណ្ដាញទំនាក់ទំនងសង្គម X អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Adrienne Watson បានច្រានចោលការចុះផ្សាយបែបនេះ ដោយគូសបញ្ជាក់ដូច្នេះថា «យើងមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ ប៉ុន្តែយើងនឹង ប្រឹងប្រែងធ្វើការដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀង»

គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានចាប់មនុស្សជាង ២៤០នាក់ ជាចំណាប់ខ្មាំង និងសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ ចំណែក ក្រុមមន្ត្រីហាម៉ាសក៏បានអះអាងដែរថា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលដែលបានឈានចូលដល់សប្ដាហ៍ទី៧ បានសម្លាប់មនុស្សជាង ១២,៣០០នាក់ ក្នុងនោះមានកុមារ ៥,០០០នាក់៕

រូបភាពពី Reuters