(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Washington Post កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានរាយការណ៍ថាអ៉ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ គាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ ជាថ្នូរនឹង បទឈប់បាញ់រយៈពេល ៥ថ្ងៃ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាសែតអាមេរិក Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើក្រុមមន្ត្រីអាមេរិកដែលបានដឹងពីកិច្ចព្រមព្រៀងខាងលើ។ តាម កិច្ចព្រមព្រៀងមានកម្រាស់ ៦ទំព័រនេះដដែល ភាគីទាំងអស់នឹងផ្អាកការប្រយុទ្ធរយៈពេល ៥ថ្ងៃ ខណៈចំណាប់ខ្មាំង ៥០នាក់ ឬអាចច្រើនជាងនេះ នឹងត្រូវបានដោះលែងជាក្រុមតូចៗក្នុងរយៈពេលរៀងរាល់ ២៤ម៉ោង។ បន្ថែមពីលើនេះ កិច្ចព្រមព្រៀងក៏មានបំណងអនុញ្ញាតដល់ការផ្ដល់ជំនួយ មនុស្សធម៌សម្រាប់ប្រជាជនស៊ីវិលផងដែរ។ Washington Post បានបន្ថែមទៀតថាចំណាប់ខ្មាំងអាចនឹងត្រូវបានដោះលែង នៅប៉ុន្មានថ្ងៃ ខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ក្រុមហាម៉ាសបានចាប់មនុស្សជាង ២៤០នាក់ ជាចំណាប់ខ្មាំង៕

រូបភាពពី AFP