(ហ្កាហ្សា)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបាននិយាយថាមន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាង គេបំផុតនៅក្នុងតំបន់ហ្កាហ្សា បានក្លាយជា «តំបន់មរណៈ» និងបានជំរុញឱ្យមានការជម្លៀសមនុស្សចេញ ខណៈកងទ័ពអ៉ីស្រាអែលកំពុងពង្រីក ប្រតិបត្តិការដើម្បីកម្ទេចក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការវាយតម្លៃបែបនេះធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីមកពីអង្គការ WHO និងUN បានចំណាយពេលមួយម៉ោង កាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ចុះត្រួត ពិនិត្យស្ថានភាពនៅក្នុងមន្ទីរពេទ្យ Al-Shifa ដែលត្រូវបានកងទ័ពអ៉ីស្រាអែលបើកការវាយឆ្មក់ចូលតាំងពីដើមសប្ដាហ៍នេះមក។ ដំណាលគ្នានឹង ទស្សនកិច្ចនេះដែរ មន្ត្រីហាម៉ាសម្នាក់បានអះអាងថាមនុស្សច្រើនជាង ៨០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស២លើក លើ ជំរំជនភៀសខ្លួនមួយស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំងសាលារៀនមួយដំណើរការ UN ផងដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការ WHO បានគូសបញ្ជាក់ដូច្នេះថា «ក្រុមការងារបានចាត់ទុកមន្ទីរពេទ្យ (Al-Shifa) គឺជាតំបន់មរណៈ ហើយ ស្ថានភាពវិញគឺពោរពេញដោយក្ដីអស់សង្ឃឹម ដោយមន្ទីរពេទ្យមិនអាចធ្វើប្រតិបត្តិការជាមូលដ្ឋានរបស់ខ្លួន ក្នុងនាមជាកន្លែងសង្រ្គោះជីវិតមនុស្ស ដោយសារតែការខ្វះខាតទឹកស្អាត ឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានប្ដេជ្ញាកម្ទេចក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិ អ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងមនុស្សជាង២៤០នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស។ បើតាមក្រុម ហាម៉ាសវិញ ចាប់តាំងពីពេលនោះមក អ៉ីស្រាអែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកឥតឈប់ឈរ បូករួមនឹងប្រតិបត្តិការយោធាជើងគោក ចូលក្នុងតំបន់ហ្កាហ្សា ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១២,៣០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងមានកុមារជាង ៥០០០នាក់៕

រូបភាពពី AFP