(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៉ីបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនដ៏ធំមួយមកលើអ៊ុយក្រែនពេញមួយយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះ ដោយត្រូវចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឲ្យដាច់ចរន្តអគ្គិសនីក្នុងទីក្រុង និងភូមិជាង ៤០០ នៅភាគខាងត្បូង ភាគអាគ្នេយ៍ និងភាគខាងជើងនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

កងទ័ពអាកាសអ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ចំនួន ២៩គ្រឿងក្នុងចំណោម ៣៨គ្រឿងដែលបាញ់ចេញពីទឹកដីរុស្ស៉ី។
ក្រសួងថាមពល បានឲ្យដឹងថា ការតាំងទីលំនៅចំនួន ៤១៦កន្លែងនៃតំបន់ Odesa នៅភាគខាងត្បូង និងក្នុងតំបន់ Zaporizhzhia នៅភាគអាគ្នេយ៍ ត្រូវដាច់ចរន្តអគ្គិសនី បន្ទាប់ពីបណ្តាញនានាបានរងខូចខាតដោយសារតែការវាយប្រហារនោះ។ រោងចក្រចម្រាញ់ប្រេងមួយត្រូវរងនូវការវាយប្រហារនៅក្នុងតំបន់ Odesa។ នៅឯតំបន់ Chernihiv ភាគខាងជើងអ៊ុយក្រែនតាមព្រំដែនជាមួយរុស្ស៉ី និងបេឡារុស អគារហេដ្ឋារចនាសម្ព័ន្ធពីរក៏បានរងការខូចខាត ខណៈការតាំងទីលំនៅចំនួន ៦កន្លែងគឺគ្មានអគ្គិសនីប្រើប្រាស់។

លោក Volodymyr Kudrytskiy ប្រធានប្រតិបត្តិករបណ្តាញអគ្គិសនី Ukrenergo បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា «យើងមិនមានសិទ្ធិសម្រាកទេ។ ពិតណាស់ យើងទាំងអស់គ្នា ទាំងបុគ្គលិកនៃវិស័យថាមពល និងកងកម្លាំងការពារកំពុងរៀបចំដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៉ីមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងរដូវរងានេះ»។

គួរបញ្ជាក់ថា កាលពីរដូវរងាឆ្នាំមុនរុស្ស៉ីបានបាញ់ស្រោចមីស៉ីលរាប់រយគ្រាប់ និងយន្តហោះដ្រូនមកលើអ៊ុយក្រែនដែលធ្វើមនុស្សរាប់លាននាក់គ្មានអគ្គិសនី និងទឹកប្រើប្រាស់អំឡុងខែត្រជាក់បំផុត។ សម្រាប់ឆ្នាំនេះ នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមធ្លាក់ចុះ ក្រុមមន្ត្រីបានជំរុញឲ្យអ្នកស្រុក និងអាជីវកម្មត្រៀមលក្ខណៈសម្រាប់ការវាយប្រហារជាថ្មីរបស់រុស្ស៉ី៕

 

 

រូបភាពពី Reuters