(បេរូត)៖ នៅថ្ងៃសៅរ៍នេះក្រុមហេសប៊ូលឡា និងអ៉ីស្រាអែលបានបាញ់គ្រាប់រ៉ុក្កែត ក៏ដូចជាមីស៉ីលនៅតំបន់ក្បែរព្រំដែនលីបង់-អ៉ីស្រាអែល ដែលជាការប៉ះទង្គិចគ្នាថ្មីទៀតចំពោះមុខការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការកើនឡើងនូវជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមហេសប៊ូលឡាដែលគាំទ្រដោយអ៉ីរ៉ង់និយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៉ីស្រាអែលនៅជិតព្រំដែនកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ខណៈយោធា​អ៉ីស្រាអែលថាបានស្ទាក់​ចាប់​មីស៉ីលដែល​បាញ់​មក​លើ​យន្តហោះ​ដ្រូនរបស់ខ្លួន។ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យចំពោះសេចក្តីថ្លែងការណ៍របស់ភាគីទាំងពីបានទេ។

មន្ត្រីលីបង់និយាយថា ការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែលបានត្រូវចំអគារមួយនៅក្នុងតំបន់ឧស្សាហកម្មក្បែរទីក្រុង Nabatieh ដែលជាការវាយប្រហារចូលមកជ្រៅក្នុងទឹកដីលីបង់មិនធ្លាប់មានគិតចាប់ពីខែតុលា។ ចំណែក យោធាអ៉ីស្រាអែលមិនបានធ្វើការអត្ថាធិប្បាយ​ភ្លាមៗអំពីហេតុការណ៍នេះទេ។

គួរបញ្ជាក់ថា ការបាញ់ផ្លោងដាក់គ្នានេះផ្តើមចេញពីការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី៧ ខែតុលា។ ហេសប៊ូលឡា បានវាយប្រហារលើទាហានអ៉ីស្រាអែលនៅព្រំដែនលីបង់ ហើយអ៉ីស្រាអែលក៏បើកការវាយប្រហារតាមអាកាស និងកាំភ្លើងធំប្រឆាំងនឹងលីបង់ភាគខាងត្បូង។ ក្រុមហេសប៊ូលឡាជាង ៧០នាក់និងជនស៊ីវិល ១០នាក់បានស្លាប់ ខណៈជនជាតិអ៉ីស្រាអែល ១០នាក់បានស្លាប់ដែលភាគច្រើនជាទាហាន។ មន្ត្រីលោកខាងលិចកំពុងព្រួយបារម្ភថាហានិភ័យនេះអាចអូសទាញអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងជម្លោះ៕

 

រូបភាពពី Reuters