(បាងកក)៖ កងទ័ពថៃ បាននិយាយថា ជនជាតិថៃ ៤១នាក់ ដែលជាប់គាំងនៅខាងជើងប្រទេសមីយ៉ាន់ម៉ា ចំពេលមានប្រយុទ្ធគ្នាកាន់តែខ្លាំងរវាងយោធានៃរបបសឹក និងក្រុមចលនាតស៊ូប្រដាប់អាវុធក្បែរព្រំដែនជាមួយចិន បានវិលត្រឡប់មកដល់ប្រទេសថៃវិញហើយ នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
កងទ័ពថៃ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រោមការសម្របសម្រួលរវវាងអាជ្ញាធរថៃ និងកងទ័ពមីយ៉ាន់ម៉ា ជនជាតិថៃទាំង ៤១នាក់បានចាកចេញពីរដ្ឋ Shan តាមច្រកព្រំដែនតាជីលិក-មេសៃ (Tachileik-Mae Sai)។ ព្រមពេលជាមួយគ្នានេះ អាជ្ញាធរថៃកំពុងធ្វើការដើម្បីនាំយកជនជាតិថៃចំនួន ២៦៤នាក់ដែលជាប់គាំងនៅជិតទីក្រុង Laukkai ត្រលប់មកប្រទេសវិញផងដែរ។ អ្នកដែលត្រូវជាប់គាំងនេះមានមួយចំនួនជាជនរងគ្រោះនៃការជួញដូរមនុស្ស ហើយអ្នកខ្លះទៀតអាចពាក់ព័ន្ធនឹងក្រុមឆបោកតាមអនឡាញ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាចាប់តាំងពីខែតុលាមក គឺជាការប្រឈមធំបំផុតសម្រាប់របបសឹកមីយ៉ាន់ម៉ា មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្រុមចលនាតស៊ូប្រដាប់អាវុធទាំងនោះបានដណ្តើមយកទីក្រុង និងប៉ុស្តិ៍យោធាជាច្រើននៅទូទាំងប្រទេស ហើយបានវាយលុកទៅលើផ្នែកខ្លះនៅភាគខាងជើងជាប់ព្រំដែនចិន៕
រូបភាពពី AFP