(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិក បានធ្វើឡើងនៅមជ្ឈមណ្ឌល Mosconeក្រុង San Francisco សហរដ្ឋអាមេរិក។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម កិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ប្រកាន់ខ្ជាប់បំណងដើម សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាជំរុញឱ្យអាស៊ី-ប៉ាស៊ីហ្វិកមានកំណើនអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់»។

លោក Xi Jinping បានគូសបញ្ជាក់ថា ចាប់តាំងពីបង្កើតយន្តការកិច្ចប្រជុំថ្នាក់ដឹកនាំ តាមកាលកំណត់កន្លងមក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក បានដើរនៅជួរមុខនៃការបើកទូលាយនិងការអភិវឌ្ឍសកលជាប់រហូត បានជំរុញយ៉ាងខ្លាំងដល់សេរីភាពនិងកិច្ចសម្រួលនៃពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកទេស ការផ្លាស់ប្តូរផ្នែកសម្ភារៈនិងបុគ្គលក្នុងតំបន់ បានបង្កើត “អច្ឆរិយវត្ថុអាស៊ី-ប៉ាស៊ីហ្វិក” ដ៏គួរឱ្យកត់សម្គាល់។

លោក Xi Jinping បានសង្កត់ធ្ងន់ថា យើងគួរតែប្រកាន់ខ្ជាប់បំណងដើម នៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបសំឡេងអំពាវនាវនៃយុគសម័យដោយមានទំនួលខុសត្រូវ ពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល អនុវត្តយ៉ាងប្រាកដប្រជានូវចក្ខុវិស័យ Putrajaya កសាងសហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពស្វិតស្វាញ និងសន្តិភាព ដើម្បីសម្រេចវិបុលភាពរួមរបស់ប្រជាជនអាស៊ី-ប៉ាស៊ីហ្វិក និងកូនចៅជំនាន់ក្រោយ។

លោកបានលើងឡើងថា៖ ទី១ ប្រកាន់ខ្ជាប់នវានុវត្តន៍និងកម្លាំងចលករ។ ត្រូវជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកាន់តែសកម្ម ពួតដៃគ្នាដើម្បីបង្កើតបរិស្ថានសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយការបើកទូលាយ សមភាព យុត្តិធម៌និងគ្មានការរើសអើង។ ទី២ ប្រកាន់ខ្ជាប់ទិសដៅការបើកទូលាយ ។ ត្រូវគាំពារពាណិជ្ជកម្មនិងការវិនិយោគ ប្រកបដោយសេរីភាពនិងការបើកទូលាយ គាំទ្រនិងបង្កើនប្រព័ន្ធពហុពាណិជ្ជកម្ម ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល គាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ប្រឆាំងនឹងការធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្លាយជាបញ្ហានយោបាយ បញ្ហាអាវុធនិងបញ្ហាសន្តិសុខមានភាពទូទៅ។
ទី៣ ប្រកាន់ខ្ជាប់ការអភិវឌ្ឍបៃតង។ ត្រូវប្រកាន់ខ្ជាប់មនុស្សនិងធម្មជាតិរួមរស់នៅជាមួយគ្នា ដោយសុខដុមរមនា ពន្លឿនការធ្វើបរិវត្តកម្មបៃតងនិងកាបូនទាប នៃរូបមន្តការអភិវឌ្ឍ និងសហការជំរុញការកាត់បន្ថយកាបូន កាត់បន្ថយការបំពុល ពង្រីកភាពបៃតងនិងកំណើន។ ទី៤ ប្រកាន់ខ្ជាប់អនុគ្រោះនិងការចែករំលែក ។ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ ជំរុញបញ្ហាអភិវឌ្ឍន៍ឱ្យវិលត្រឡប់ទៅកាន់ ចំណុចកណ្តាលនៃរបៀបវារៈអន្តរជាតិ ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់យុទ្ធសាស្រ្តនៃការអភិវឌ្ឍ រួមគ្នាដោះស្រាយបញ្ហាឱនភាព នៃការអភិវឌ្ឍជាសកល។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រកាន់ខ្ជាប់ការដើរតាមផ្លូវសន្តិភាពនិងការអភិវឌ្ឍ ប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់ការបើកចំហក្នុងកម្រិតខ្ពស់ ការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ការជំរុញឱ្យសម្រេច ទំនើបកម្មរបស់បណ្តាប្រទេសនានាលើពិភពលោក។ ប្រទេសចិនរីករាយ រួមជាមួយបណ្តាភាគីនានាខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យ កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកទទួលបានសមិទ្ធផលជាផ្លែផ្កាកាន់តែច្រើន រួមគ្នាបង្កើត “៣០ឆ្នាំមាស” មួយទៀតរបស់អាស៊ី-ប៉ាស៊ីហ្វិក៕

​ដោយវិទ្យុមិត្តភាពកម្ពុជាចិន