(ប៉េកាំង)៖ ទីក្រុង San Francisco ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បើកទ្វារស្វាគមន៍បណ្តាប្រទេស ដែលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលក្នុងនោះប្រទេសចិនត្រូវបានពិភពលោក សម្លឹងឃើញថាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈកសាង ភាពជាដៃគូលើការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយកិច្ចការនេះនឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូលស្របនឹងទស្សនៈរបស់ លោក Xi Jinping ដែលបានថ្លែង កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា អនាគតនៃពិភពលោកតម្រូវការកិច្ចសហប្រតិបត្តិការចិន-អាមេរិក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជានិន្នាការអភិវឌ្ឍន៍នៃយុគសម័យ ហើយក៏ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិកផងដែរ។ ក្នុងនាមជាសមាជិកដ៏សកម្មនិងសំខាន់របស់APEC ប្រទេសចិនបានអនុវត្តយ៉ាងប្រាកដប្រជានូវចក្ខុវិស័យ Putrajaya ឆ្នាំ២០៤០ និងបានអនុវត្តយ៉ាងពេញទំហឹងនូវ «គោលដៅក្រុងបាងកកស្តីពីជីវសេដ្ឋកិច្ច វដ្តសេដ្ឋកិច្ចនិងសេដ្ឋកិច្ចបៃតង» ដែលរួមចំណែកដ៏វិជ្ជមានចំពោះកំណើនបៃតង និងជានិរន្តរភាពរបស់ពិភពលោក។
ទីក្រុង San Francisco ដែលជាទីកន្លែងផ្តល់កំណើតដល់ធម្មនុញ្ញអង្គការសហប្រជាជាតិនាឆ្នាំ១៩៤៥ ដើម្បីបិទបញ្ចប់សង្គ្រាមលោកលើកទី២ ហើយក៏ជាទីតាំងដែលសហគមន៍ចិន-អាមេរិកនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានត្រៀមរៀបចំទទួលស្វាគមន៍ស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ជូនលោក Xi Jinping ប្រធានរដ្ឋចិនដែលបានផ្តល់មហាកិត្តិយស ចូលរួមកិច្ចប្រជុំ APEC។ វត្តមានរបស់លោក Xi Jinping បានផ្តល់ជូននូវប្រវត្តិវិទូ នយោបាយវិទូ សេដ្ឋវិទូ និងទស្សនវិទូក្នុងលោកតាមដានយ៉ាងយកចិត្តទុកដាក់ ក្នុងការបើកទំព័រថ្មីនៃយុគសម័យថ្មីរបស់មនុស្សជាតិ ដែលនឹងអាចផ្តល់នូវចក្ខុនិម្មិតជូនដល់មនុស្សជាតិ តាមរយៈតួនាទីសំខាន់ចំនួន៤ របស់ប្រទេសចិនក្នុងកិច្ចប្រជុំAPEC នោះគឺទី១-ជំរុញទំនាក់ទំនងពហុភាគីក្នុងក្របខណ្ឌ APEC និយាយដោយឡែក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិនិយាយរួម ព្រមទាំងទំនាក់ទំនងទ្វេភាគីរវាងចិននិងអាមេរិក ហើយជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងជំនួបជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ទំនាក់ទំនងចិន-អាមេរិកមានទំនួលខុសត្រូវដ៏ធ្ងន់ចំពោះប្រជាជន ពិភពលោក និងប្រវត្តិសាស្ត្រ។
លោករំពឹងទុកថាមានការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ និងឈានដល់គំនិតឯកភាពរួមថ្មីជាមួយអាមេរិកលើបញ្ហា ប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ភាពទូទៅ និងលក្ខណៈទិសដៅដែលទាក់ទងនឹងទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។ ទី២-បង្កើនស្មារតីដោះស្រាយបញ្ហា ដែលកំពុងប្រឈមមុខ បញ្ហាដែលប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់អន្តរជាតិ និងកង្វល់រួមរបស់ពិភពលោក។ ទី៣-កិច្ចកសាងវេទិកានៃកិច្ចសហប្រតិបត្តិការកាន់តែប្រសើរ តាមរយៈការចែករំលែកព័ត៌មានវិទ្យា ការចែករំលែកបទពិសោធន៍ល្អបំផុត ការជួយសម្រួលសកម្មភាពសមូហភាពតាមរយៈការពិគ្រោះយោបល់ ហើយជំរុញកិច្ចសហប្រតិបត្តិការតំបន់ តាមរយៈការគោរពគ្នាទៅវិញទៅមក។ ទី៤-ជំរុញល្បឿននៃការអភិវឌ្ឍរួមគ្នាជាមួយទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការសិក្សាពីគ្នាទៅវិញទៅមកស្របនឹងកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដែលជាប្រាជ្ញាចិនរយៈពេល១ទសវត្សរ៍ បម្រើផលប្រយោជន៍ជូនដល់មនុស្សជាតិ ប្រកបដោយមោទកភាព ស្របនឹងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានថ្លែងនៅក្នុងនៅក្នុងជំនួបជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក ថាដរាបណាចិននិងអាមេរិករប្រកាន់ខ្ជាប់ នូវការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នោះនឹងអាចឆ្លងផុតពីការខ្វែងគំនិតនិងរកឃើញ មធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ការរួមរស់នៅ ជាមួយគ្នារវាងប្រទេសធំទាំងពីរ។
ទីក្រុង San Francisco នាពេលបច្ចុប្បន្នគឺជាតំបន់សេដ្ឋកិច្ចធំបំផុតមួយនៅសហរដ្ឋអាមេរិក ហើយក៏ជាជម្រកដ៏កក់ក្តៅរបស់ក្រុមហ៊ុន Fortuneទាំង៥០០នៅលើពិភពលោក ព្រមទាំងជាមជ្ឈមណ្ឌលប្រកបដោយ នវានុវត្តភាពកម្រិតខ្ពស់បំផុតមួយនៅលើពិភពលោក នឹងក្លាយជាទីកន្លែងដែលពិភពលោកទះដៃអបអរសាទរ ហើយពិភពលោកទាំងមូល នឹងទទួលបានពរជ័យតាមរយៈវត្តមានរបស់លោក Xi Jinping ជាមួយសមភាគីអាមេរិក និងបណ្តាសមាជិកទាំងអស់របស់ APEC ដើម្បីផ្តល់ជាម្លប់សន្តិភាព មិត្តភាព និងពន្លឺត្រចះត្រចង់សម្រាប់មនុស្សជាតិចាប់ពីជំនាន់នេះ ទៅជំនាន់ក្រោយៗទៀត ហើយប្រទេសចិនពន្លឿនការអនុវត្តនូវរបៀបវារៈអភិវឌ្ឍន៍ ជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ តាមរយៈគំនិតផ្តួចផ្តើម «អភិវឌ្ឍន៍សកល» ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញ ឱ្យបណ្តាសមាជិកទាំងអស់របស់ APEC និងសហគមន៍អន្តរជាតិរួមកម្លាំងគ្នា និងដោះស្រាយឱនភាពនៃការអភិវឌ្ឍ។
ទីក្រុង San Francisco ដែលជាទីតាំងរៀបចំកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៣នេះនឹងរួមចំណែកទាញយកសក្តានុពលពី បណ្តាសមាជិកទាំងអស់ទៅវិញទៅមក ដោយបង្កើនអានុភាពកាន់តែប្រសើរឡើង នៃឥទ្ធិពលនៃសកម្មភាពដែលទាក់ទងគ្នា និងសម្រេចបាននូវការអភិវឌ្ឍរួម ខណៈពេលដែលកង់ប្រវត្តិសាស្រ្តចេះតែរំកិលទៅមុខ តម្រូវការដែលសមស្របតាមពេលវេលា មិនអាចបដិសេធបានឡើយ សេចក្តីប្រាថ្នារបស់ប្រជាជាតិ ក្នុងពិភពលោកមិនអាចរឹតត្បិត ហើយនិន្នាការឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍក៏មិនអាចត្រូវបានគេបដិសេធបានដូចគ្នា។
ប្រទេសចិនបាននិងកំពុងជំរុញល្បឿនកសាង «ខ្សែក្រវាត់និងផ្លូវ»បៃតង ហើយនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ លើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលបៃតង និងគមនាគមន៍បៃតងជាដើម ព្រមទាំងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យលើកកម្ពស់ការកសាងសមត្ថភាព តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូងសម្រាប់ឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ។ ប្រទេសចិនរីករាយរួមជាមួយសមាជិកទាំងអស់របស់ APEC រួមគ្នាក្នុងការបំពេញតាមការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងនៅក្នុងគោលបំណងដើម ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពាណិជ្ជកម្ម និងការវិនិយោគ និងភាពរុងរឿងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រទេសចិនបានឈានមុខក្នុងការជំរុញសុភមង្គល របស់មនុស្សជាតិតាមរយៈគំនិតបើកទូលាយ ឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរសម្រាប់ពិភពលោក។
ជារួម កិច្ចប្រជុំកំពូលAPECឆ្នាំ២០២៣ដែលបានរៀបចំឡើងនៅទីក្រុង San Francisco ប្រទេសអាមេរិក គឺជាកាលានុវត្តភាពដ៏មហាសាលដែលផ្តល់ពរជ័យ ដល់ពិភពលោកតាមរយៈកិច្ចសន្ទនាដោយផ្ទាល់រវាងចិននិងអាមេរិក ក្នុងការចូលរួមដោះស្រាយបញ្ហារសើបនានា ហើយជាវេទិកាដែលចិននិងអាមេរិករួមជាមួយសមាជិករបស់ APECអាចបង្កើនការប្រាស្រ័យទាក់ទង និងការសម្របសម្រួលគ្នាទៅវិញទៅមក លើបញ្ហាសំខាន់ៗនានាទាំងក្នុងតំបន់ និងអន្តរជាតិ ហើយរួមគ្នាលើកកម្ពស់ដំណោះស្រាយបញ្ហានៅទីតាំងមានជម្លោះ ក្នុងគ្រប់វិស័យឲ្យបានត្រឹមត្រូវ បង្កើនកិច្ចសហប្រតិបត្តិការការទប់ស្កាត់ការសាយភាយ បច្ចេកវិទ្យាអាវុធនុយក្លែអ៊ែរ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមកម្លាំងគ្នាកសាងទំនុកចិត្តលើប្រព័ន្ធCyber Space ព្រមទាំងពង្រឹងទំនាក់ទំនង និងការសម្របសម្រួលនៅក្នុង យន្ដការពហុភាគីដទៃទៀត ដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន