(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុង San Francisco សហរដ្ឋអាមេរិក។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្នស្ថានការណ៍អន្តរជាតិមានបម្រែបម្រួល និងភាពរង្គោះរង្គើក្នុងពេលតែមួយ ហានិភ័យនិងបញ្ហាប្រឈមលេចចេញឥតឈប់ឈរ។ ការរួមរស់ដោយសន្តិសហវិជ្ជមាន រាប់អានគ្នាគ្រប់ជំនាន់ ផ្តល់ផលប្រយោជន៍ដល់គ្នានិងធ្វើកិច្ចសហប្រតិបត្តិការ គឹសមស្របនឹងទិសដៅដ៏ត្រឹមត្រូវ នៃផលប្រយោជន៍ជាមូលរដ្ឋរបស់ប្រជាជន នៃប្រទេសទាំងពីរចិននិងជប៉ុន។ ភាគីទាំងពីរគួរក្តាប់ជាប់និន្នាការប្រវត្តិសាស្ត្រ សម្របទៅនឹងចរន្តយុគសម័យ ផ្តោតលើផលប្រយោជន៍រួម ដោះស្រាយឱ្យសមរម្យនូវការខ្វែងគំនិតគ្នា គោរពយ៉ាងម៉ឺងម៉ាត់នូវរាល់គោលការណ៍ ដែលបានកំណត់ដោយឯកសារនយោបាយទាំងបួនរវាងចិននិងជប៉ុន ហើយបញ្ជាក់ច្បាស់ជាថ្មីនូវទំនាក់ទំនងផ្តល់ការអនុគ្រោះទៅវិញទៅមកជាយុទ្ធសាស្រ្ត ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងរវាងចិន និងជប៉ុនដែលបន្ស៊ីនឹងតម្រូវការនៃយុគសម័យថ្មី។

លោក Xi Jinping បានគូសបញ្ជាក់ថា បញ្ហាធំនិងសំខាន់ដែលជាគោលការណ៍ដូចជា ប្រវត្តិសាស្រ្តនិងតៃវ៉ាន់ជាដើមគឺពាក់ព័ន្ធនឹង មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ភាគីជប៉ុនត្រូវគោរពពាក្យសន្យា ដើម្បីធានាជាក់លាក់ថាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងចិន-ជប៉ុនមិនរងការខូចខាតនិងមិនរង្គោះរង្គើ។ ភាគីទាំងពីរគួរពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិ ការនិងជួយគ្នាទៅវិញទៅមក ដោយគាំពារប្រព័ន្ធពាណិជ្ជកម្មសេរីសកលយ៉ាងប្រាកដប្រជា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះក្នុងកម្រិតកាន់តែខ្ពស់។ ប្រទេសទាំងពីរគួរផ្សព្វផ្សាយ គុណតម្លៃអាស៊ីដែលចាត់ទុកសន្តិភាព កិច្ចសហប្រតិបត្តិការ បរិយាបន្ននិងការរួមបញ្ចូលគ្នាជាស្នូល អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងជំរុញដំណើរសមាហរណកម្មក្នុងតំបន់ដើម្បីរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តកម្ពុជាចិន