(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅថ្ងៃសៅរ៍នេះ ក្នុងគោលបំណងស្វែងរកមធ្យោបាយ ដើម្បីបន្ធូរបន្ថយភាពតានតឹងដែលបានកើនឡើង នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco នៃសហរដ្ឋអាមេរិក លោក Marcos បាននិយាយថា ហ្វីលីពីននិងចិនត្រូវតែបន្តធ្វើការទំនាក់ទំនងគ្នា ដោយជំនួបរវាងលោកនិងលោក ស៉ី ជីនពីង គឺជាផ្នែកដ៏សំខាន់មួយនៃដំណើរការដើម្បីរក្សាសុខសន្តិភាព ហើយរក្សាច្រកផ្លូវសមុទ្រនិងច្រកផ្លូវអាកាស នៅតំបន់សមុទ្រចិនខាងត្បូង ឱ្យនៅបើកចំហ។ លោក Marcos បានលើកឡើងដោយមិនរៀបរាប់លម្អិតយ៉ាងដូច្នេះថា «ពួកយើងបានព្យាយាមស្វែងរកយន្តការ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងគ្នា នៅសមុទ្រចិនខាងត្បូង»។

នៅក្នុងឆ្នាំនេះ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលជាតំបន់មានបញ្ហាវិវាទទឹកដី បានកើនឡើងគួរឱ្យកត់សម្គាល់។ លោក Marcos បានអះអាងថា លោកបានបង្ហាញពីក្តីកង្វល់ ជុំវិញឧប្បត្តិហេតុកើតមានជាបន្តបន្ទាប់ រវាងនាវាក៏ដូចជាទូករបស់ចិននិងហ្វីលីពីន ក្នុងនោះ​រួមមានការប៉ះគ្នាមួយករណីផងដែរ។ លោកប្រធានាធិបតីហ្វីលីពីន បានបន្ថែមថា រូបលោកនិងលោកប្រធានាធិបតីចិន បានឯកភាពគ្នាថា បញ្ហាភូមិសាស្រ្តនយោបាយ មិនគួរក្លាយជាធាតុចម្បងដែលកំណត់និយមន័យ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនោះឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ២០២២មក លោក Marcos បានពង្រឹងទំនាក់ទំនងយូរអង្វែងរបស់ហ្វីលីពីន ជាមួយ​សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាការពារជាតិនឹងគ្នា ពោលគឺផ្ទុយពីគោលជំហរងាកទៅរកទីក្រុងប៉េកាំង របស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។ លោក Marcos បានផ្តល់សិទ្ធិឱ្យអាមេរិកប្រើប្រាស់ មូលដ្ឋានយោធា​ប៉ុន្មានកន្លែងថែមទៀត នៅក្នុងប្រទេសហ្វីលីពីន រួមមានទាំងនៅខេត្តដែលនៅទល់មុខសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន ជាហេតុនាំ​ឱ្យមានការមិនពេញចិត្តពីទីក្រុងប៉េកាំង៕