(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ប្រធានប្រតិភូទីក្រុងតៃប៉ិ ដែលចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC បានលើកឡើងថា កិច្ចពិភាក្សាទល់មុខគ្នារវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិង​ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះ រួមជាមួយការព្រមព្រៀងគ្នាស្តារការធ្វើទំនាក់ទំនងផ្នែកយោធាឡើងវិញ នឹងអាចជួយបង្កើនស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Morris Chang ស្ថាបនិកវ័យ៩២ឆ្នាំ របស់ក្រុមហ៊ុនបន្ទះឈីបយក្ស TSMC ដែលកំពុងស្ថិតនៅទីក្រុង San Francisco នៃសហរដ្ឋអាមេរិក ក្នុងនាមជាបេសកជនរបស់កោះតៃវ៉ាន់ សម្រាប់កិច្ចប្រជុំកំពូល APEC បានលើកឡើងយ៉ាងដូច្នេះថា «បើតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ វាជាជំនួបដ៏ប្រសើរមួយ។ វាគឺជាដំណឹងល្អ ដែលប្រទេសទាំងពីរ (អាមេរិក-ចិន) បន្តការធ្វើទំនាក់ទំនងយោធារវាងគ្នាឡើងវិញ។ ខ្ញុំគិតថា វាគួរតែនឹងជួយបន្ធូរបន្ថយ ភាពតានតឹងរវាងអាមេរិកនិងចិន ហើយទន្ទឹមគ្នាវាគួរតែនឹងជួយបង្កើនស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ផងដែរ»

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការដាក់សម្ពាធនយោបាយនិងយោធាជាខ្លាំង ទៅលើតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងចាត់ទុក​ដែនកោះនេះ ត្រឹមជាផ្នែកមួយប៉ុណ្ណោះ នៃទឹកដីរបស់ប្រទេសចិន។ បញ្ហាតៃវ៉ាន់ គឺជាចំណុចដ៏ចម្បងបំផុតមួយ នៃភាពតានតឹងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង៕