(សាន់ហ្រ្វាន់ស៉ីស្កូ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានឱ្យដឹងថា លោកបានអញ្ជើញ នាយករដ្ឋមន្រ្តីចិន លោក Li Qiang ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ខណៈទំនាក់ទំនងទ្វេភាគី ដែលពីមុនមកធ្លាប់តែមានភាពរកាំរកូសខ្លាំង នាពេលនេះកំពុងបន្តទទួលបានភាពប្រសើរឡើងវិញ។ នេះប​ើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Albanese ដែលទើបតែបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នាពេលកន្លងទៅក្នុងខែវិច្ឆិកានេះ បានជួបមុខប្រធានាធិបតីចិន លោក ស៉ី ជីនពីង សាជាថ្មីម្តងទៀត នៅឯកិច្ចប្រជុំកំពូល APEC ដែលប្រារព្ធឡើងនៅទីក្រុង San Francisco នៃសហរដ្ឋអាមេរិក។ លោក Albanese បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ជំនួបមានភាពវិជ្ជមាន។ យើងបានជជែកគ្នាអំពីគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី Li ទៅកាន់ប្រទេសអូស្រ្តាលីនាឆ្នាំក្រោយនេះ ដ្បិតឥឡូវកិច្ចប្រជុំថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ បានបន្តឡើងវិញដូចដើមហើយនោះ»។ លោកនាយករដ្ឋមន្រ្តី បានបន្តថា រូបលោកក៏បានស្នើឱ្យលោក ស៉ី ជីនពីង ដកបម្រាមពាណិជ្ជកម្មនៅសេសសល់ ដែលត្រូវបានដាក់មកលើ ផលិតផលរបស់អូស្រ្តាលីផងដែរ។

គួរបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសទាំងពីរ ប៉ុន្តែទំនាក់ទំនងទ្វេភាគីបានធ្លាក់ដុនដាបខ្លាំង កាលពីឆ្នាំ២០២០ អំលុង​រដ្ឋាភិបាលអូស្រ្តាលីអាណត្តិមុន ហើយទីក្រុងប៉េកាំងបានដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ លើទីក្រុងកង់បេរ៉ា។ យ៉ាងណាមិញ ចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតវិញ ហើយចំណងទាក់ទងក៏ចាប់ផ្តើមវិលទៅរកភាពប្រសើរឡើង ចាប់តាំងតែពីលោក Albanese បានក្លាយជានាយករដ្ឋមន្រ្តីអូស្រ្តាលី កាលពីខែឧសភា ឆ្នាំ២០២២មក៕

រូបភាពពី AFP