(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានផ្តល់ភ្លើងបៃតង ចំពោះសំណើរបស់ប្រទេសជប៉ុន ដែលសុំទិញមីស៉ីល Tomahawk ចំនួន៤០០គ្រាប់ ដើម្បីយកទៅពង្រឹងសមត្ថភាពការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការបរទេសអាមេរិក បានប្រកាសថា ខ្លួនបានសម្រេចផ្តល់ការយល់ព្រម ចំពោះគម្រោងមានទំហំទឹកប្រាក់២.៣៥ពាន់លានដុល្លារ ស្តីពីការលក់មីស៉ីល Tomahawk ២ប្រភេទ ឱ្យទៅប្រទេសជប៉ុន។ មីស៉ីល Tomahawk មានរយៈចម្ងាយវាយប្រហាររហូតដល់ទៅ ១,៦០០គីឡូម៉ែត្រ ពោលវាជាមីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយ។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ការលក់មីស៉ីលនេះមានគោលដៅ ជួយពង្រឹងសន្តិសុខរបស់ប្រទេសជាសម្ព័ន្ធមិត្តមួយ ដែលជាតួអង្គសំខាន់ សម្រាប់ស្ថិរភាពនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុង​តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា កាលពីថ្ងៃកុម្ភៈ ឆ្នាំ២០២៣នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្រាប់សភាជប៉ុនថា រដ្ឋាភិបាលលោក នឹងទិញមីស៉ីល Tomahawk ចំនួន៤០០គ្រាប់ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងធំមួយ ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ជប៉ុន។ ប៉ុន្មានឆ្នាំមកនេះ ទីក្រុងតូក្យូមានក្តីបារម្ភជាពិសេស ចំពោះការកើនឡើងនៃអំណាចយោធារបស់ចិន ព្រមទាំងការគំរាមកំហែងនៃ​អាវុធនុយក្លេអ៊ែរ និងមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង៕

រូបភាពពី ​Reuters