(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន៧នាក់ ដែលត្រូវបានអះអាងថា មានជាប់ពាក់ព័ន្ធជាមួយក្រុមកងជីវពលក្នុងប្រទេសអ៉ីរ៉ាក់ ដែលគាំទ្រដោយអ៉ីរ៉ង់ និងដែលស្ថិតនៅពីក្រោយការវាយប្រហារជាបន្តបន្ទាប់ នាពេលថ្មីៗនេះ មកលើមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមមន្ទីរបញ្ចកោណ កងទ័ពអាមេរិកដែលដាក់ពង្រាយ នៅប្រទេសអ៉ីរ៉ាក់ក៏ដូចជានៅស៉ីរី បានរងការវាយប្រហារច្រើនជាង៥៥លើក គិតចាប់តាំងពីពាក់កណ្តាលខែតុលាមក និងបានបង្កឱ្យមានការរងរបួសស្រាល ចំពោះទាហានអាមេរិកមួយចំនួន។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គល៦នាក់ ដែលពាក់ព័ន្ធជាមួយក្រុមកងជីវពលអ៉ីរ៉ាក់ Ketaeb Hezbollah និងមេដឹកនាំនៃក្រុមកងជីវពលអ៉ីរ៉ាក់មួយផ្សេងទៀត ក្រោមហេតុផលថា ក្រុមទាំងនេះជាប់ទាក់ទិន ក្នុងសកម្មភាពវាយប្រហារប្រឆាំងកងទ័ពអាមេរិក ដែលឈរជើងនៅក្នុងតំបន់។

គួរបញ្ជាក់ថា អាមេរិកមានកងទ័ពខ្ទង់២,៥០០នាក់ នៅអ៉ីរ៉ាក់ និងប្រហែល៩០០នាក់នៅស៉ីរី ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់​ការកកើតឡើងវិញជាថ្មីនៃក្រុមភេរវករ ISIS ដែលធ្លាប់កាន់កាប់ទឹកដីមួយផ្នែកធំនៃប្រទេសទាំងពីរ។ ការកើនឡើងខ្លាំងនៃការវាយប្រហារ​លើកងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា គឺពាក់ព័ន្ធគ្នាជាមួយសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅឯតំបន់ Gaza Strip៕