(ណៃពិដោ)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ការផ្ទុះឡើងសាជាថ្មីនៃការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងចលនាប្រដាប់អាវុធជនជាតិភាគតិចមួយក្រុម ដែលបានធ្វើឱ្យមនុស្សសរុបជាង២៦,០០០នាក់ ត្រូវរត់ភៀសខ្លួននៅរដ្ឋ Rakhine ភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារមនុស្សធម៌របស់ UN គឺ UNOCHA បាននិយាយថា ការប្រយុទ្ធគ្នាក្នុងសប្តាហ៍នេះ រវាងចលនាប្រដាប់អាវុធ Arakan Army (AA) និងកងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានជំរុញឱ្យមនុស្សចំនួន២៦,១៧៥នាក់ ត្រូវរត់ភៀសខ្លួននៅពាសពេញរដ្ឋ Rakhine។ ក្រុម AA បានបើកការវាយប្រហារលើកងកម្លាំងសន្តិសុខ នៅរដ្ឋ Rakhine និងរដ្ឋ Chin នៅក្បែរខាងគ្នា កាលពីថ្ងៃចន្ទដើម​សប្តាហ៍នេះ។ វាគឺជាបិទបញ្ចប់បទឈប់បាញ់ដ៏ផុយស្រួយ ហើយបើកសមរភូមិថ្មីមួយជ្រុងទៀត ស្របពេលដែលយោធាបាននិងកំពុង​ប្រយុទ្ធតាំងជាមួយ ចលនាប្រដាប់អាវុធជនជាតិភាគតិចផ្សេងទៀត នៅឯភាគខាងកើតនិងខាងជើងប្រទេស។

គួរបញ្ជាក់ថា យោងតាម UNOCHA មនុស្សយ៉ាងហោច១១នាក់ ត្រូវបានសម្លាប់ក្នុងការបាញ់ផ្លោងរបស់យោធា ទៅលើទីតាំងរបស់​ចលនា AA គិតចាប់តាំងពីថ្ងៃចន្ទមក។ កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងរបស់របបសឹកមីយ៉ាន់ម៉ា បានបាញ់ផ្លោងទៅលើទីក្រុងកំពង់ផែ Pauktaw ដែលស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រ ពីភាគខាងលិចទីក្រុង Sittwe ដែលជារដ្ឋធានីនៃរដ្ឋ Rakhine៕

រូបភាពពី Reuters