(ម៉ានីល)៖ អាជ្ញាធរគ្រោះមហន្តរាយហ្វីលីពីន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា មនុស្សយ៉ាងហោចណាស់ចំនួន៦នាក់ បានបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងត្បូងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃសុក្រ ខណៈ២នាក់ទៀត បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅក្បែរកោះ Mindanao កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេះ នៅក្រោមផ្ទៃសមុទ្រជម្រៅ៦០គីឡូម៉ែត្រ។ យោងតាមរូបភាពនិងឃ្លីបវីដេអូបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម វាបានបង្កឱ្យមានការខូចខាតមួយចំនួន រួមមានទាំងផ្សារទំនើបធំៗ២កន្លែង ដែលបានបាក់ស្រុតដំបូល។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៃទីក្រុង General Santos ក្នុងខេត្ត South Cotabato បានឱ្យដឹងថា ក្រោយហេតុការណ៍រញ្ជួយដី មនុស្ស៣នាក់ត្រូវបានរាយការណ៍ថាស្លាប់ នៅទីនោះ។ ចំណែកនៅក្រុង Glan នៃខេត្ត Sarangani មានមនុស្សយ៉ាងហោច២នាក់ស្លាប់ ខណៈដែលក្រុមសង្រ្គោះកំពុងព្យាយាមស្វែងរក មនុស្ស២នាក់ផ្សេងទៀតដែលបានបាត់ខ្លួន។ រីឯនៅខេត្ត Davao Occidental បុរសវ័យ៧៨ឆ្នាំម្នាក់ បានបាត់បង់ជីវិត។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្គាប់ឱ្យទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ ធានាសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ដែលបានរងការប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ។ ប្រទេសហ្វីលីពីនលាតសន្ធឹងនៅលើតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ឬ Pacific Ring of Fire ជាទីដែលសកម្មភាពភ្នំភ្លើងនិងរញ្ជួយដី កើតមានឡើងជាញឹកញាប់៕