(សាន់ហ្រ្វាន់ស៉ីស្កូ)៖ សហរដ្ឋអាមេរិកនិងប្រទេសចិន បានព្យាយាមផ្សះផ្សាស្វែងរកប្រក្រតីភាពនៃទំនាក់ទំនង រវាងប្រទេសទាំង២ តាមរយៈជំនួបកំពូលរវាងមេដឹកនាំអាមេរិកលោក ចូបៃដិន និងមេដឹកនាំចិនលោក ស៊ី ជីនពីង លើទឹកដីសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ។ តើជំនួបកំពូលនេះ នឹងជួយអ្វីខ្លះដល់ពិភពលោក គ្រាដែលសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែលនិង ហាម៉ាសប៉ាឡេស្ទីន បាននិងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ?

ប្រទេសចិនបានហៅកិច្ចប្រជុំរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិកក្នុងរដ្ឋកាលីហ្វ័រនីញ៉ាថា ជាកិច្ចប្រជុំនៃបរិយាកាសកក់ក្តៅ។ នេះជាជំនួបលើកដំបូងហើយបន្ទាប់ពីមានជម្លោះពាក្យ សម្តីរវាងប្រទេសចិននិងសហរដ្ឋអាមេរិក ជុំវិញបញ្ហាកោះតៃវ៉ាន់ និងក្រោយមកលើជម្លោះប្រើ មីស៊ីលបាញ់ប៉េងប៉ោងហោះរបស់ចិន ដែលសហរដ្ឋអាមេរិក បានចាត់ទុកជាអំពើចារកម្មខណៈ ចិនបានថ្លែងថាវាជាប៉េងប៉ោងតាមដានប្រព័ន្ធអាកាសធាតុប៉ុន្តែបានហោះខុសគោលដៅ។

ជំនួប "ដ៏កក់ក្តៅ" រវាងលោក Xi Jinping និង Joe Biden នៅលើទឹកដីសហរដ្ឋអាមេរិកនេះ គឺក្នុងបំណងស្វែងរកការស្តារឡើងវិញ នូវទំនាក់ទំនងរវាងប្រទេសទាំង២ បន្ទាប់ពីបានប៉ះពាល់ រវាងគ្នាទៅវិញទៅមកកន្លងមកនេះ។ ទង្វើរបស់សហរដ្ឋអាមេរិក ដាក់លើប្រទេសចិន កន្លងមកនេះ បានរងការរិះគន់ថា វាជាការច្រណែននឹងចិន ដែលកំពុងមានការរីកចំរើនយ៉ាងលឿន លើដំណើរការសេដ្ឋកិច្ចនិងបច្ចេកវិទ្យា ដែលសន្ទុះរីកចំរើនរបស់ប្រទេសចិននោះ បានធ្វើឱ្យសហរដ្ឋអាមេរិកមានការរំពឹងគិតថា វាជាឧបសគ្គគំរាមកំហែងសន្តិសុខពិភពលោកទៅវិញ។

សេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសចិនបាននិយាយថា ទំនាក់ទំនងអាមេរិក-ចិន គឺជា "ទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុត នៅក្នុងពិភពលោក"។ សេចក្តីប្រកាសដដែលបានសរសេរថាសន្ទុះរីកចម្រើននិងមានភាពនឹងនរបស់ចិន គឺវាល្អទៅវិញទេសម្រាប់សហរដ្ឋអាមេរិក និងពិភពលោកទាំងមូលនេះ។

សម្តីសម្តៅផ្លូវការពីទីក្រុងប៉េកាំង ត្រូវគេឃើញថា បានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ពីជំហរនិយាយគឃ្លើន ដាក់លើសហរដ្ឋអាមេរិក ប្រែទៅជាសម្លេងផ្សះផ្សាខុសពីពេលមុន ផងដែរ។ ហើយការសរសេរវិចារណកថានាពេលថ្មីៗនេះនៅក្នុងកាសែត People's Daily ដែលជាកាសែតផ្លូវការរបស់បក្សកុម្មុយនិស្តចិន ក៏បានហៅសហរដ្ឋអាមេរិកថាជា "មិត្តចាស់" ផងទៀត។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying ត្រូវគេកត់សម្គាល់ថា ក៏បានប្រើនិយាយសង្កត់ធ្ងន់លើភាពកក់ក្តៅ រវាងសហរដ្ឋអាមេរិកនិងចិនក្នុងកម្រិតនយោបាយនិង ក្នុងកម្រិតផ្ទាល់ខ្លួនថែមទៀត។

ស្ត្រីនាំពាក្យចិនដដែលនោះ បានបង្ហោះលើបណ្តាញសង្គមនូវរូបថតមួយសន្លឹក ដែលមេដឹកនាំនៃប្រទេសទាំង២ បានញញឹមជាមួយគ្នា ដោយលោក Biden ក្នុងពេលនោះទំនងជាបង្ហាញរូបថតមួយឱ្យទៅលោក ស៊ី ជីនពីង មើលនៅក្នុងទូរស័ព្ទរបស់លោកនៃរូបភាព របស់ប្រធានាធិបតីចិនកាលពីនៅក្មេង ដែលថតនៅមុខស្ពាន Golden Gate ក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

បន្ទាប់ពីការណែនាំឱ្យលោក ស៊ី ជីនពីង បានមើលរូបថតរបស់លោកកាលពីក្មេងនោះរួចមក, លោកស៊ីជីនពីងបានណែនាំ លោក ចូ បៃដិន ឱ្យទៅមើលរថយន្តរបស់លោកវិញម្តង។ លោក ចូ បៃដិន បានថ្លែងនិងបង្ហាញអារម្មណ៍រីករាយ ពេលឃើញរថយន្តរបស់ចិនដែលបង្ហាញ ដោយលោក ស៊ី ជីនពីង។ លោក ស៊ី ជីនពីង បានណែនាំថានេះ គឺជារថយន្តផលិតក្នុងស្រុករបស់ចិន Hongqi sedan។ លោក ស៊ី ជីនពីង បានណែនាំឱ្យមានការបើកទ្វាររថយន្តដើម្បីពិនិត្យ មើលខាងក្នុង។ លោក ចូ បៃដិន បានថ្លែងថារថយន្តចិននេះ ដូចជារថយន្ត Cadillac ដែលផលិតដោយសហរដ្ឋអាមេរិក។ លោក ចូ បៃដិន បានថ្លែងថា ក្នុងពេលដែលមានកិច្ចប្រជុំជាអន្តរជាតិ គេបានយករថយន្ត Cadillac នេះទៅជាមួយលោក និងលោកបានសួរទៅលោក ស៊ី ជីនពីងថា តើមានដឹងថារថយន្តនេះគេដាក់ឈ្មោះយ៉ាងណាទេ? លោកថាគេបានដាក់ឈ្មោះថា «The Beast»។

ស្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying នៅបានបង្ហោះរូបភាពរបស់អង្គភាពក្រុមខ្លាហោះ Flying Tigers របស់ក្រុមពីឡុតប្រយុទ្ធរបស់អាមេរិក ដែលបានជួយការពារប្រទេសចិន ប្រឆាំងនឹងប្រទេសជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ដោយនិយាយទៀតថាប្រជាជនអាមេរិក និងចិន "មិនដែលភ្លេច" គ្នាទៅវិញទៅមកឡើយ។ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះទៀត, រដ្ឋាភិបាលក្រុង ប៉េកាំង ថែមទាំងបានរំលឹកឡើងវិញនូវរឿងរ៉ាវនៃអង្គភាព ក្រុមខ្លាហោះអាមេរិកនោះដែលជា ឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការវិជ្ជមានរវាងចិន និងសហរដ្ឋអាមេរិក។

ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំង២ បានប្រព្រឹត្តទៅរយៈពេល៤ម៉ោងលើទឹកដីសហ រដ្ឋអាមេរិកនោះដោយមេដឹកនាំទាំង២ បាននិយាយរៀបរាប់ដាក់គ្នាត្រង់ទៅត្រង់មកដោយ មិនលាក់លៀមឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ កំណត់ត្រាស្តីពីការជួបគ្នារវាងមេដឹកនាំទាំង២ បានសរសេរថា «សហរដ្ឋអាមេរិកមិនគួរមានគម្រោង ដើម្បីគាបសង្កត់ និងរារាំងដល់ប្រទេសចិនឡើយ"។ រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់ដាក់ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា បន្តបង្កើត "សង្រ្គាមត្រជាក់ថ្មី" ប៉ុន្តែកំណត់ត្រាថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានសរសេរដកស្រង់សម្តីរបស់ លោកចូបៃដិនដែលនិយាយបញ្ជាក់ថា នោះមិនមែនជាបំណងរបស់លោកឡើយ។

ថ្លែងនៅក្នុងពិធីជប់លៀងមួយកាលពីថ្ងៃពុធ ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន និងគណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក-ចិន លោក Xi បានសរសើរអង្គភាពក្រុមខ្លា ហោះ Flying Tigers របស់សហរដ្ឋអាមេរិក និងថាលោកធ្លាប់បានរក្សាទំនាក់ទំនងជាមួយពួក គេមួយចំនួនតាមរយៈឆ្លើយឆ្លងសំបុត្រ។ លោក ស៊ី ជីនពីង បានថ្លែង ក្នុងឱកាសនោះថា សំណួរដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក និង ប្រទេសចិននោះគឺថា "តើយើងជាសត្រូវ ឬជាដៃគូនឹងគ្នា?"

លោកស៊ីជីនពីងបានមានប្រសាសន៍ទៀតថា៖ «ចិនមិនដែលរករឿងអាមេរិក, មិនដែលជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុង របស់អាមេរិកផងដែរ»។ លោកបានបន្តថា «ចិនក៏គ្មានចេតនាប្រជែងជាមួយអាមេរិក ឬចង់ផ្តួលរំលំអាមេរិកដែរ។ លោកបន្តទៀតថា «ផ្ទុយទៅវិញ ចិននឹងរីករាយ ណាស់ដែលឃើញសហរដ្ឋអាមេរិក មានវឌ្ឍនភាពនិងការរីកចម្រើនកាន់តែកើនឡើងមិនធ្លាប់ មានដោយភាពទុកចិត្តនិងបើកចំហរ។ លោក ស៊ី ជីនពីង បានថ្លែងទៀតថាវាគួរតែធ្វើដូចគ្នាវិញដែរថា សហរដ្ឋអាមេរិក មិនគួររករឿង ជាមួយចិន ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនឡើយ។ សហរដ្ឋអាមេរិកគួរតែស្វាគមន៍ភាព រីកចំរើនប្រកបដោយភាពមាំមួន, សន្តិភាពរបស់ប្រទេសចិន។

ក្រោយប្រសាសន៍របស់លោក ស៊ី ជីនពីង នោះ មានការងើបឈរឡើងរបស់ភ្ញៀវដែលចូលរួម ធ្វើការទះដៃកោតសរសើរ ក្នុងពិធីទទួលអាហារពេលល្ងាចនោះ។ អ្នកបានអញ្ជើញចូលរួមក្នុងឱកាសនោះ រួមមានលោក Tim Cook នៃក្រុមហ៊ុន Apple និង លោក Elon Musk នៃក្រុមហ៊ុន Tesla ជាដើម។ សំបុត្រសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍នេះ មានតម្លៃចាប់ផ្តើមពី២ពាន់ដុល្លារ ទៅសម្រាប់មនុស្សម្នាក់។ ក្រុមអ្នកវិភាគបាននិយាយថា ការសម្រេចចិត្តរបស់លោក ស៊ី ជីនពីង ក្នុងការនិយាយបែបនេះ ប្រាប់ទស្សនិកជនដែលជាអាជីវករចូលរួមទាំងឡាយ គឺបានឆ្លុះ បញ្ចាំងនូវបំណងរបស់លោក ដើម្បីបញ្ជាក់ថាចិនបានបើកចំហរ ចំពោះក្រុមហ៊ុនបរទេសទាំងឡាយ។

ប៉ុន្តែនៅពីក្រោយនៃពាក្យសម្តីដ៏កក់ក្តៅ ឆ្លើយឆ្លងរវាងគ្នានេះ ក៏នៅតែមានចំណុចតានតឹងខ្លះ។ ចំណុចមួយក្នុងចំណោម ចំណុចទាំងឡាយគឺការពិតនៃភាពតស៊ូប្រឹងប្រែងសេដ្ឋកិច្ច ដោយសហរដ្ឋអាមេរិកបានរឹតបន្តឹងលើ ការនាំចេញបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន។ ច្បាប់ដែល ប៉ះពាល់ដល់ការនាំចេញបច្ចេកវិទ្យាផលិតបន្ទះសៀគ្វី Chipmaking technology ត្រូវបានដាក់ ចេញដើម្បីរារាំងសមត្ថភាពចិនក្នុងការអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូនិកទំនើបបំផុត ត្រូវបាន ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធនោះ លោកស៊ីជីនពីង បាននិយាយថា វិធានការអាមេរិកបែបនេះ "ធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិនយ៉ាងធ្ងន់ធ្ងរ" ។ នៅពីក្រោយនៃពាក្យសម្តីដ៏កក់ក្តៅ ឆ្លើយឆ្លងរវាងគ្នានេះទៀត ក៏មានការរីកចំរើនតិចតួច ណាស់លើចំណុចតានតឹងដ៏ធំបំផុត រវាងចិននិងសហរដ្ឋអាមេរិក នោះគឺរឿងចិនតៃវ៉ាន់។

ក្រុមអ្នកជំនាញនៅក្នុងប្រទេសចិន និងក្រុមអ្នកជំនាញខ្លះលើ ទឹកដីសហរដ្ឋអាមេរិកបានបារម្ភ ថាសម្តីរបស់សហរដ្ឋអាមេរិក ដែលគាំទ្រកោះតៃវ៉ាន់នោះ នឹងធ្វើឱ្យការចង់ភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំង២នឹងមិនអាចផ្សាភ្ជាប់បាន ជាពិសេសសហរដ្ឋអាមេរិកដែលនិយាយអំពី ការប្រកាន់ខ្ជាប់លើគោលនយោបាយចិនតែមួយ ប៉ុន្តែការអនុវត្តបានបង្ហាញនូវការបន្តជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ចិនជាដដែល។

លោក ស៊ី ជីនពីង បាននិយាយថា សហរដ្ឋអាមេរិកគួរតែ "បញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់ និងងាកមករកការគាំទ្រការបង្រួបបង្រួម ដោយសន្តិវិធីរបស់ចិន" ។ លោក ស៊ី ជីនពីង បានថ្លែងទៀតថា បញ្ហាតៃវ៉ាន់នៅតែជាបញ្ហាសំខាន់បំផុត និងជាបញ្ហារសើបបំផុតក្នុងទំនាក់ទំនង ទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងប្រទេសចិននេះ។ លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិក នឹងបន្តផ្តល់អាវុធដល់តៃវ៉ាន់ ដែលសម្តីនេះគឺជាការបន្តបំបាក់ទឹកចិត្តមួយ ខណៈការស្វែងរកការផ្សះផ្សាគ្នាកំពុងតែប្រព្រឹត្តទៅនេះ។ លោកចូបៃដិនថែមទាំងបានប្រាប់លោក ស៊ី ជីនពីង ទៀតថា សូមកុំឱ្យជ្រៀតជ្រែកលើការបោះឆ្នោតរបស់តៃវ៉ាន់ នាវេលាឆ្នាំ២០២៤នោះ ផងទៀត។

កាលពីឆ្នាំកន្លងទៅ ការខឹងរបស់ប្រទេសចិនចំពោះសហរដ្ឋអាមេរិក បានឈានដល់ចំណុច កំពូលមួយដែលមានការបារម្ភពេលនោះ ខ្លាចក្រែងតែមានការផ្ទុះសង្គ្រាមដោយសារតែមាន ដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចនៅលើកោះតៃវ៉ាន់នោះ។ កំហឹងទាំងនោះហើយ បាននាំឱ្យទំនាក់ទំនងនានា រវាងចិននិងសហរដ្ឋអាមេរិក ត្រូវបានកាត់ផ្តាច់ដូចជាទំនាក់ទំនងយោធា និងការគ្រប់គ្រងប្រឆាំងគ្រឿងញៀននោះជាដើម។

កាលពីថ្ងៃពុធ គ្រាដែលមេដឹកនាំទាំង២ បានជួបគ្នាជាលើកដំបូងនោះ, មានសញ្ញាធូរស្រាល ខ្លះដែលមេដឹកនាំទាំង២បានយល់ព្រម លើការស្តារកិច្ចសន្ទនាយោធាសាឡើងវិញ និងបានឈានដល់កិច្ចព្រមព្រៀងមួយ ពាក់ព័ន្ធនឹងថ្នាំ fentanyl ថែមទៀត។ ដោយឡែកនាប៉ុន្មាន ថ្ងៃ មុននឹងមានការជួបគ្នារវាងមេដឹកនាំទាំងនោះទៀត សហរដ្ឋអាមេរិក និងចិន នៅបានដាក់ ចេញនូវសេចក្តីថ្លែងការណ៍រួមថ្មីមួយស្តីពីអាកាសធាតុផងដែរ។

ទោះជាយ៉ាងណាក៏ដោយ នៅក្រោយជំនួបកំពូលនោះរួចមក, លោកចូបៃដិនក្នុងសន្និសីទ កាសែតបានហៅមេដឹកនាំចិនលោក ស៊ី ជីនពីង ថាជាមេដឹកនាំផ្តាច់ការ។ អ្នកសារព័ត៌មានម្នាក់បានសាកសួរទៅលោក ចូ បៃដិន ថា «លោកប្រធានាធិបតីបន្ទាប់ពីថ្ងៃនេះទៅ តើលោកនឹងចាត់ទុកលោកស៊ីជីនពីងជាមេដឹកនាំផ្តាច់ការទៀតដែរឬទេ ដែលនេះជាសម្តី លោកធ្លាប់បានប្រើកាលពីពេលមុននោះមក?» ។ លោកចូបៃដិនបានឆ្លើយមកវិញថា «ពិតមែនហើយ គាត់នៅតែជាជនផ្តាច់ការ ក្នុងន័យថាគាត់គឺជាមនុស្សម្នាក់ដែលដឹកនាំប្រទេស មួយដែលជាប្រទេសកុម្មុយនីស្ត»

អ្នកសារព័ត៌មានបានសួរលោកចូបៃដិនទៀតថា តើលោកជឿទុកចិត្តលើមេដឹកនាំចិនដែរឬទេ? លោកចូបៃដិនបានថ្លែងថា លោកទុកចិត្ត ប៉ុន្តែក៏ត្រូវមានការស្វែងរកកបញ្ជាក់ឱ្យច្បាស់ផង ដែរដូចអ្វីដែលលោកធ្លាប់បានធ្វើ និងលោកថាសហរដ្ឋអាមេរិកនិងចិនមានទំនាក់ទំនង នៃ ភាពប្រកួតប្រជែងគ្នា។ លោកបានថ្លែងទៀតថានាពេលនេះ លោកនឹងអាចជួបនិយាយទូរ ស័ព្ទដោយផ្ទាល់បានជាមួយនឹង លោកស៊ី ជីនពីង។

ពីការធ្វើសន្និសីទកាសែតរបស់មេដឹកនាំចិននោះវិញ, លោក ស៊ី ជីនពីង មិនមានសំដីណាមួយ បង្កការប៉ះពាល់ដល់សហរដ្ឋអាមេរិក នោះទេ។ លោកបានថ្លែងថាសហរដ្ឋអាមេរិកនិងចិន បានព្រមព្រៀងគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការសន្ទនា។ លោក ស៊ី ជីនពីង បានថ្លែងលោកចូបៃដិននិងរួបលោក បានយល់ព្រមគ្នាក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើ គោលការណ៍ការទូតនិងគោរពគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរធ្វើជំនួញរវាងប្រជាជននិងប្រជាជន, ការអប់រំ, វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, កសិកម្ម, យោធា, ការអនុវត្តច្បាប់, បញ្ញាសិប្បនិម្មិត AI ជាដើម។ លោក ស៊ី ជីនពីង បានបន្តថាយើងបានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការយូរអង្វែងនិង បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែធំថែមទៀត។

គេនឹងរង់ចាំមើលថាតើការ ព្យាយាមស្តារទំនាក់ទំនងគ្នាសាឡើងវិញរវាងសហរដ្ឋអាមេរិក និងចិនតាមរយៈជំនួបកំពូល រវាងមេដឹកនាំចិននិងសហរដ្ឋអាមេរិកលើទឹកដីសហរដ្ឋអាមរិកកន្លងមកនេះ នឹងបានរីកចំរើនអ្វីខ្លះសម្រាប់ប្រទេសទាំង២ និងសម្រាប់ពិភពលោក ពីព្រោះ ពិភពលោកនឹងមិនអាចទ្រាំនូវទម្ងន់បន្ថែមទៀតបានទេ ប្រសិនបើប្រទេសទាំង២មានជម្លោះ រវាងគ្នា ខណៈដែលសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ី និង សង្គ្រាមអ៊ីស្រាអែលរវាងក្រុមហាម៉ាស ប៉ាឡេស្ទីន បានធ្វើឱ្យពិភពលោកបានជួបប្រទះ នឹង វិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងររួចមកហើយ នេះ៕

Photo from Reuters