(វ៉ាស៊ីនតោន)៖ ខណៈកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស នៅចំកណ្ដាលបេះដូងនៃតំបន់ហ្កាហ្សា អស់រយៈពេលជាង ៦សប្ដាហ៍មកនេះ កងទ័ពអ៉ីស្រាអែលក៏កំពុងព្យាយាមផងដែរក្នុងការកាត់បន្ថយគ្រោះថ្នាក់នៃបញ្ហាប្រឈមដ៏ធំមួយ នោះគឺការទម្លុះចូលបណ្ដាញផ្លូវរូងក្រោមដីដ៏ធំ និងដ៏អាថ៌កំបាំងរបស់ក្រុមហាម៉ាស។ ជាការបញ្ចៀសការស្លាប់របស់ទាហាន យោធាអ៉ីស្រាអែលបានប្រើប្រាស់បច្ចេកវិទ្យាជាច្រើន ដើម្បីស្វែងរក និងកម្ទេចផ្លូវរូងក្រោមដី រួមទាំងថ្នាក់នាំក្រុមហាម៉ាស។

នៅពីលើអាកាស យន្ដហោះដ្រូនអ៉ីស្រាអែល គឺទទួលខុសត្រូវលើការស្វែងរករូងក្រោមដី រីឯយន្ដហោះចម្បាំងវិញដឹកនាំការវាយប្រហារដោយ ប្រើគ្រាប់បែកកម្ទេចលេណដ្ឋានដែលមានជម្រៅជ្រៅ។ ចំណែក នៅលើដី គ្រឿងចក្រឈូសឆាយដីដឹកនាំការបោសសម្អាត បរិវេណសង្ស័យជា ច្រកនៃរូងក្រោមដី ហើយសត្វសុនខ យានគ្មានមនុស្សបើក និងរ៉ូបូតត្រូវបានប្រើប្រាស់ដើម្បីតាមស្វែងរករូងក្រោមដី។

បន្ថែមលើនេះ យោធាអ៉ីស្រាអែលក៏កំពុងប្រើប្រាស់ដែរនូវគ្រាប់បែក «sponge bomb» ដែលជាប្រភេទគ្រាប់បែកគីមីម្យ៉ាងមិនមានសារធាតុផ្ទុះ តែវាអាចបញ្ចេញពពុះជ័រយ៉ាងលឿនរហ័សបិទច្រកផ្លូវរូងក្រោមដី។ ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ទាំងនេះ មានគោលដៅបញ្ចៀសការបញ្ជូន កងទ័ពដោយផ្ទាល់ ចូលក្នុងផ្លូវរូងក្រោមដី ជាទីដែលអ៉ីស្រាអែលជឿថាក្រុមហាម៉ាសបានរាយអន្ទាក់ និងត្រៀមលក្ខណៈប្រយុទ្ធរួចជាស្រេច។ ដូច្នេះជាជម្រើសអាទិភាព យោធាអ៉ីស្រាអែលផ្ដោតលើការបិទខ្ទប់ និងបំផ្លាញបណ្ដាញផ្លូវរូងក្រោមដី។ វិធីសាស្ត្របែបនេះគឺមិនគ្រប់គ្រាន់ដើម្បី កម្ទេចក្រុមហាម៉ាសនោះទេ តែវាអាចជួយឱ្យអ៉ីស្រាអែលសម្រេចគោលដៅមួយចំនួន តួយ៉ាងដូចជាការបំផ្លាញសមត្ថភាពរបស់ហាម៉ាស។

យោធាអ៉ីស្រាអែលបានទាក់ទងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដើម្បីជួយដល់សង្រ្គាមរបស់ខ្លួន ក្នុងនោះរួមមានទាំងការចូលរួមពីក្រុមហ៊ុន បច្ចេកវិទ្យាទើបបង្កើតថ្មី ដូចជាក្រុមហ៊ុន Asterra ជាក្រុមហ៊ុនអ៉ីស្រាអែលមួយជំនាញខាងបច្ចេកវិទ្យារុករកក្រោមបាតសមុទ្រដោយប្រើប្រាស់ ផ្កាយរណប។

ក្រុមហាម៉ាសបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការសាងសង់ និងប្រើប្រាស់ផ្លូវរូងក្រោមដីជាមូលដ្ឋានទីបញ្ជាការ ស្តុកអាវុធ និងជាកន្លែង លាក់ខ្លួនដ៏អាថ៌កំបាំងនៃក្រុមអ្នកប្រយុទ្ធរបស់ខ្លួន។ អ៉ីស្រាអែលវិញក៏បានបង្វឹកទាហានរបស់ខ្លួនជាពិសេសផងដែរ។ ប៉ុន្តែបញ្ជូនកងទ័ព ដោយផ្ទាល់ចូលទៅក្នុងរូងក្រោមដី នៅតែមានគ្រោះថ្នាក់ខ្ពស់ ដោយសារតែការរាយអន្ទាក់ និងការស្គាល់ភូមិសាស្ត្រច្បាស់ដូចថ្ងៃរបស់ហាម៉ាស។ លោក Itamar Yaar ជាអតីតអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីស្រាអែលបានលើកឡើងថា «មិនមានភាពចាំបាច់ត្រូវចូលទៅក្នុងរូងក្រោមដី នោះទេ ប្រសិនបើអ៉ីស្រាអែលមិនមានគោលដៅ ឬហេតុផលច្បាស់លាស់ដាច់ខាតត្រូវតែចូល»។ លោកបន្តថាដំណោះស្រាយល្អ នោះគឺត្រូវ ព្យាយាមធ្វើឱ្យផ្លូវរូងក្រោមដីបាក់រលំបិទផ្លូវតភ្ជាប់ពីទីតាំងមួយទៅទីតាំងមួយ។

យ៉ាងណាក៏ដោយ លោកស្រី Daphné Richemond-Barak ជាអ្នកជំនាញម្នាក់ខាងសង្រ្គាមរូងក្រោមដី មកពីសាកលវិទ្យាល័យ Reichman University ក្នុងទីក្រុង Tel Aviv យល់ថាបើមិនមានការបញ្ជូនកងទ័ពថ្មើរជើងចូលទៅក្នុងរូងក្រោមដីដោយផ្ទាល់ទេ នោះវាពិតជាពិបាកខ្លាំង ណាស់ ក្នុងការកំណត់វិសាលភាពបំផ្លាញផ្លូវរូងដោយការទម្លាក់ ឬបំផ្ទុះគ្រាប់បែក ហើយដែលនេះអាចនឹងធ្វើឱ្យសង្រ្គាមត្រូវអូសបន្លាយ រយៈពេលយូរ។ តាមអ្នកជំនាញរូបនេះ ផ្លូវរូងក្រោមដីអាចនឹងត្រូវបានប្រើប្រាស់ជាថ្មីក្នុងគោលដៅសម្រាប់ការបះបោររយៈពេលវែង នៅក្រោយ សង្រ្គាមបញ្ចប់។ «ម្លោះហើយ អ៉ីស្រាអែលចាំបាច់ត្រូវតែកម្ទេចបណ្ដាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសទាំងស្រុង។ តែខណៈការលំបាក លេចចេញរូបរាងកាន់តែច្បាស់ ហើយសម្ពាធអំពាវនាវឱ្យបញ្ចប់ប្រតិបត្តិការនេះកាន់តែកើនឡើង ខ្ញុំបារម្ភថាការងារកម្ទេចផ្លូវរូងក្រោមដី អាចត្រូវ បញ្ចប់ត្រឹមពាក់កណ្ដាលទី»។ នេះជាការលើកឡើងរបស់លោកស្រី Daphné Richemond-Barak។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានប្តេជ្ញាកម្ទេចពួកហាម៉ាស ដើម្បីសងសឹកសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនមួយនេះ​ ដែលបានសម្លាប់មនុស្ស ១,២០០នាក់ ហើយមនុស្សជិត ២៤០នាក់ផ្សេងទៀត ត្រូវបានពួកគេចាប់យកធ្វើជាចំណាប់ខ្មាំង។ ចំណែក ការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវគោករបស់អ៉ីស្រាអែល នៅតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាសវិញនោះ គឺមកទល់ពេលនេះបានសម្លាប់មនុស្សលើស ១១,៥០០នាក់៕