(ម៉ានីល)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានអង្រួនភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃសុក្រនេះដែលបណ្តាលឱ្យមនុស្សរត់ចេញពីអគារ និងដួលរលំផ្នែកខ្លះ នៃដំបូលខាងក្នុងផ្សារទំនើបមួយកន្លែង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ទីភ្នាក់ងារដដែលនេះបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិត្រូវបានចេញនោះទេ បន្ទាប់ពីការរញ្ជួយដីដែលមានជម្រៅ ៧៨ គីឡូម៉ែត្រ បានវាយប្រហារខេត្ត Sarangani នៅលើកោះ Mindanao នៅម៉ោង ៨៖១៤នាទី (ម៉ោងក្នុងតំបន់)។

ជាមួយគ្នានេះ ក៏មិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ និងរបួសភ្លាមៗនោះទេ ប៉ុន្តែការរញ្ជួយដីត្រូវបានទទួលអារម្មណ៍ដោយអ្នករស់នៅតំបន់ដ៏ធំទូលាយនៃកោះនេះ។

គួរបញ្ជាក់ថា ការរញ្ជួយដីកើតឡើងជារៀងរាល់ថ្ងៃក្នុងតំបន់ខ្លះ នៃប្រទេសហ្វីលីពីន ដែលស្ថិតនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក Ring of Fire ដែលជាធ្នូនៃសកម្មភាពរញ្ជួយ និងភ្នំភ្លើងខ្លាំង ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងឆ្លងកាត់អាងប៉ាស៊ីហ្វិក៕