(ប៉ារីស)៖ កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ហូឡង់ និងចក្រភពអង់គ្លេស បានសហការគ្នាក្នុងសំណុំរឿងប្រល័យពូជសាសន៍ ជុំវិញការប្រព្រឹត្តរបស់មីយ៉ាន់ម៉ាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ចំពោះមុខតុលាការកំពូលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងឡាអេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយសំដៅទៅលើអនុសញ្ញាឆ្នាំ ១៩៤៨ ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មលើអំពើប្រល័យពូជសាសន៍ បណ្តាប្រទេសទាំងនេះ ដាក់សេចក្តីប្រកាសរួមនៃការអន្តរាគមន៍ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយលើកឡើងពី តម្រូវការយ៉ាងខ្លាំងរបស់ពួកគេ ក្នុងការសម្រេចឲ្យបាននូវអនុសញ្ញានេះ។ មន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោកស្រី Tania von Uslar បានបង្ហោះសារលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «យើងកំពុងផ្តោតជាពិសេសលើអំពើហិង្សាចំពោះស្ត្រី និងកុមារ»។ ចំណែក ប្រទេសដីកោះម៉ាល់ឌីវ ក៏បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា នឹងចូលរួមក្នុងការធ្វើអន្តរាគមន៍ជាមួយប្រទេសអឺរ៉ុបទាំងនេះ។

គួរបញ្ជាក់ថា បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ (UN) បានសន្និដ្ឋានថា យុទ្ធនាការយោធាឆ្នាំ ២០១៧ របស់មីយ៉ាន់ម៉ា ដែលបានរុញច្រានជនជាតិរ៉ូហ៊ីងយ៉ាចំនួន ៧៣០,០០០ឲ្យភៀសខ្លួនទៅកាន់ប្រទេសជិតខាង គឺបង់ក្លាដែសនោះ ក៏មានអំពើប្រល័យពូជសាសន៍ នៅក្នុងនោះផងដែរ។ មីយ៉ាន់ម៉ាបានបដិសេធដោយ ថាការរកឃើញរបស់ UN គឺមានភាពលម្អៀង និងមានកំហុស ហើយថាការបង្រ្កាបគឺសំដៅទៅលើក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ា ដែលបានធ្វើការវាយប្រហារមកលើពួកគេប៉ុណ្ណោះ៕

រូបភាពពី Reuters