(សាន់ហ្រ្វាន់ស៉ីស្កូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយនៅទីក្រុង San Francisco ថា រូបលោកត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អញ្ជើញឱ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ប៉ុន្តែមិនទាន់ប្រាកដថា វានឹងប្រព្រឹត្តទៅនៅពេលណានៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ​ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

គិតចាប់តាំងពីឡើងកាន់អំណាចកាលពីដើមឆ្នាំ២០២១ មកទល់នឹងពេលនេះ លោក បៃដិន បានរៀបចំកម្មវិធីយ៉ាងឱឡារិក ដើម្បីស្វាគមន៍​ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រទេសជាដៃគូអាមេរិកមួយចំនួនតូចប៉ុណ្ណោះ រួមមានដូចជាបារាំង កូរ៉េខាងត្បូង និងអូស្រ្តាលី ជាដើម។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសឱ្យដឹងដូចខាងលើ ក្នុងការអត្ថាធិប្បាយមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អំលុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល APEC នៅទីក្រុង San Francisco ប៉ុន្តែលោកមិនបានរៀបរាប់លម្អិត អំពីកាលបរិច្ឆេទ ដែលដំណើរទស្សនកិច្ចនោះអាចប្រព្រឹត្តទៅឡើយ។ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ដែលត្រូវបានគេធ្វើឃាតកាលពីឆ្នាំ២០២២ បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើ អាចនឹងជាទស្សនកិច្ចសំខាន់ចុងក្រោយនៅឯក្រៅប្រទេស សម្រាប់លោក Kishida មុនពេល​លោកត្រូវប្រឈម ការបោះឆ្នោតប្រធានបក្សកាន់អំណាចជប៉ុន ដែលនឹងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៤ ខណៈអត្រាប្រជាប្រិយភាពរបស់លោក កំពុងមានការធ្លាក់ចុះ ដោយសារតែបញ្ហាសេដ្ឋកិច្ច ក៏ដូចជាក្តីកង្វល់ពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុ ជុំវិញការបង្កើនការចំណាយលើវិស័យការពារជាតិ។ វាក៏អាចជាដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក ដែលត្រូវស្វាគមន៍ដោយលោក បៃដិន ផងដែរ ស្របពេលដែលលោកកំពុងត្រៀមខ្លួន ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់​ប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ កាលពីឆ្នាំ២០១៩ ដែលពេលនោះ លោក Abe គឺជាម្ចាស់ផ្ទះ៕

រូបភាពពី Reuters