(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងថា អ៉ីស្រាអែលកំពុងធ្វើគ្រប់បែបយ៉ាងតាមតែអាចទៅរួច ដើម្បីឱ្យប្រជាជនស៉ីវិលគេចផុតពីគ្រោះថ្នាក់ ស្របពេលដែលខ្លួនធ្វើសង្រ្គាម​ប្រឆាំងក្រុមហាម៉ាស ប៉ុន្តែការព្យាយាមរក្សាចំនួនជនស្លូតត្រង់ដែលស្លាប់ ឱ្យស្ថិតនៅកម្រិតទាបមួយ គឺមិនទទួលបានជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Netanyahu ត្រូវបានសារព័ត៌មានអាមេរិក CBS News សាកសួរថា តើការដែលអ៉ីស្រាអែលសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ ក្នុងសង្រ្គាមរបស់ខ្លួន ដើម្បីសងសឹកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នឹងអាចដុតបញ្ឆេះ​ការចងកំហឹងគំគួនជំនាន់ថ្មីទៀត ដែរឬទេ។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានឆ្លើយតបយ៉ាងដូច្នេះថា «ការស្លាប់ជនស៉ីវិល គឺជាសោកនាដកម្ម។ ពួកយើងកំពុងប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងតាមតែអាចទៅរួច ដើម្បីឱ្យជនស៉ីវិលគេចផុតពីគ្រោះថ្នាក់ ប៉ុន្តែទន្ទឹមគ្នានោះ ពួកហាម៉ាសក៏កំពុងធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យជនស្លូតត្រង់ស្ថិតក្នុងគ្រោះថ្នាក់ផងដែរ»។

អ៉ីស្រាអែលបានប្រកាសថា គោលដៅសង្រ្គាមរបស់ខ្លួន គឺកម្ទេចក្រុមហាម៉ាសទាំងស្រុងនៅតំបន់ Gaza Strip។ លោក Netanyahu បានបន្តដូច្នេះថា «រឿងមួយទៀតដែលខ្ញុំអាចនិយាយបាននោះ គឺយើងនឹងព្យាយាមសម្រេចគោលដៅរបស់យើង ជាមួយចំនួនជនស៉ីវិលដែលស្លាប់ ស្ថិតនៅកម្រិតទាបតាមធ្វើទៅបាន។ វាគឺជាអ្វីដែលពួកយើងកំពុងព្យាយាមធ្វើ គឺកាត់បន្ថយចំនួនជនស៉ីវិលដែលបាត់បង់ជីវិត ឱ្យស្ថិតក្នុងកម្រិតទាបតាមតែអាចទៅរួច។ ប៉ុន្តែគួរឱ្យសោកស្តាយ យើងមិនទទួលបានជោគជ័យ»។

គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ Gaza បានផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាស បានធ្វើសកម្មភាពឆ្មក់វាយលុកទ្រង់ទ្រាយធំលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស១,២០០នាក់ ភាគច្រើនជាជនស៉ីវិល និងចាប់មនុស្ស២៤០នាក់ផ្សេងទៀតធ្វើចំណាប់ខ្មាំង ហើយអ៉ីស្រាអែលបានសងសឹកវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាមិនធ្លាប់មាន និងការបើកប្រតិបត្តិការជើងគោក។ យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ Gaza ជនជាតិប៉ាឡេស្ទីនជាង១១,៥០០នាក់ហើយ ភាគច្រើនជាជនស៉ីវិល ត្រូវបានសម្លាប់ ដោយសារ​ការសងសឹករបស់អ៉ីស្រាអែល។ មិនតែប៉ុណ្ណោះ ប្រហែល២ភាគ៣ នៃចំនួនប្រជាជន២.៣លាននាក់នៅតំបន់ Gaza Strip ក៏បានបាត់បង់ផ្ទះសម្បែងផងដែរ៕

រូបភាពពី Reuters