(ណៃពិដោ)៖ ក្រុមចលនាតស៊ូប្រដាប់អាវុធ បាននិយាយនៅថ្ងៃសុក្រនេះថា យោធានៃរបបសឹកមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមផ្លូវអាកាសនិងសមុទ្រ ដើម្បីដណ្តើមទីក្រុងកំពង់ផែនៅឈូងសមុទ្រ Bengal ខណៈកំពុងប្រឈមមុខនឹងការវាយលុកដ៏ខ្លាំងក្លាបំផុតពីគូសត្រូវរបស់ពួកគេ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយសំដៅទៅលើការប្រយុទ្ធគ្នានៅរដ្ឋ Rakhine ភាគខាងលិចមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចលនាតស៊ូប្រដាប់អាវុធ ៣ក្រុម បានអះអាងតាមរយៈលើបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា «យោធាបានវាយប្រហារលើក្រុង Pauktaw ដោយប្រើឧទ្ធម្ភាគចក្រ និងបាញ់កាំភ្លើងធំចេញពីនាវាកងទ័ពជើងទឹក បន្ទាប់ពីចលនាតស៊ូប្រដាប់អាវុធដណ្តើមបានប៉ុស្តិ៍ប៉ូលិសក្រុង នៅពេលព្រឹក។ នៅពេលល្ងាច ទាហានរដ្ឋាភិបាលបានចូលមកក្នុងក្រុង ហើយបានបាញ់សម្លាប់ជនស៊ីវិល»។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានដកស្រង់សម្តីរបស់អ្នកស្រុក Pauktaw ដែលបានឲ្យដឹងថា សមាជិកនៃក្រុម Arakan Army (AA) បានចូលកាន់កាប់ក្រុងនេះ។ អ្នកស្រុកទាំងអស់កំពុងនាំគ្នារត់ចេញ ហើយហាងទាំងអស់ត្រូវបិទទ្វារ។

គួរបញ្ជាក់ថា ក្រុង Pauktaw ស្ថិតនៅចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុងដ៏សំខាន់របស់មីយ៉ាន់ម៉ាគឺ Yangon។
ការវាយប្រហារដែលក្រុមចលនាតស៊ូប្រដាប់អាវុធហៅថា «ប្រតិបត្តិការ ១០២៧» គឺជាការវាយប្រហារដ៏ធំបំផុតចំពោះរបបសឹកមីយ៉ាន់ម៉ា ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំ។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ហើយអ្នកនាំពាក្យយោធានៃរបបសឹកមិនទាន់ឆ្លើយតប ចំពោះសំណើរសុំការអត្ថាធិប្បាយនោះដែរ៕

រូបភាពពី Reuters