(បាគូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសនៃប្រទេសអាស៊ែបៃហ្សង់ បាននិយាយថា ខ្លួនមិនអាចចូលរួមក្នុងកិច្ចប្រជុំមួយ ជាមួយរដ្ឋមន្រ្តីការបរទេសអាមេនី ដែលត្រូវបានគ្រោងធ្វើឡើងនាថ្ងៃទី២០ ខែវិច្ឆិកា នៅឯទីក្រុងវ៉ាស៉ីនតោនឡើយ ដោយសារតែការប្រកាន់់ភាពលម្អៀងរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រសួងការបរទេសអាស៊ែបៃហ្សង់បានបន្តថា ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក ក៏មិនត្រូវបានស្វាគមន៍នៅទីក្រុងបាគូដែរ ដោយសារហេតុផលដូចគ្នា។ ដោយឡែក បើយោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS នៅក្នុងថ្ងៃដដែល នាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan បាននិយាយថា រូបលោកមានបំណងបង្កើន កិច្ចប្រឹងប្រែងផ្នែកការទូតនិងនយោបាយថែមទៀត ដើម្បីឆ្ពោះទៅរកការចុះសន្ធិសញ្ញាសន្តិភាពជាមួយអាស៊ែបៃហ្សង់។
ប្រទេសជិតខាងទាំងពីរនេះ បានស្ថិតក្នុងជម្លោះជាមួយគ្នា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាចម្បងគឺជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលជាអន្តរជាតិត្រូវបានទទួលស្គាល់ជាទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែភាគច្រើនសម្បូរទៅដោយវត្តមាន និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនជាតិអាមេនី ដែលមានការគាំទ្រពីរដ្ឋាភិបាលអាមេនី រហូតទាល់តែអាស៊ែបៃហ្សង់ បានវាយដណ្តើមយកតំបន់នោះមកគ្រប់គ្រងវិញ កាលពីខែកញ្ញា ឆ្នាំនេះ។
អាស៊ែបៃហ្សង់បានច្រានចោលជាពិសេស ចំពោះការអត្ថាធិប្បាយបែបកាន់ជើងលម្អៀងទៅតែម្ខាង ធ្វើឡើងដោយឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក James O'Brien ទៅកាន់គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះ។ ទីក្រុងបាគូបានអះអាងថា នៅពេលដែលលោក O'Brien និយាយថា ការប្រើប្រាស់កងម្លាំងយោធារបស់អាស៊ែបៃហ្សង់ កាលពីខែកញ្ញា បានបង្ខំឱ្យភាគច្រើននៃជនជាតិភាគតិចអាមេនីប្រមាណ១០០,០០០នាក់ នាំគ្នារត់ភៀសខ្លួននោះ គឺលោកមិនបានលើកឡើងឡើយ នូវការឈរជើងដោយខុសច្បាប់ នៃកងកម្លាំងប្រដាប់អាវុធអាមេនីជាង ១០,០០០នាក់។
ជាចុងក្រោយ អាស៊ែបៃហ្សង់បាននិយាយថា លោក O'Brien ក៏មិនបានលើកឡើងផងដែរថា សម្រាប់រយៈពេលជាង២ខែ អាមេនីមិនបានឆ្លើយតបចំពោះសំណើសន្តិភាព របស់អាស៊ែបៃហ្សង់ទេ ហើយមួយវិញទៀតនោះ គឺស្របពេលដែលទីក្រុងវ៉ាស៉ីនតោន បន្តផ្តល់ការគាំទ្ររបស់ខ្លួនចំពោះអាមេនីក៏ដោយ តាមពិតសហរដ្ឋអាមេរិកគឺជាអ្នកបង្កហេតុ និងជាប្រភពនៃការបង្កអស្ថិរភាព នៅក្នុងតំបន់ទៅវិញទេ៕
រូបភាពពី AFP