(ហ្សឺណែវ)៖ ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានលើកឡើង អំពីការចោទប្រកាន់ពាក់ព័ន្ធទៅនឹង ការរំលោភបំពានសិទ្ធិធ្ងន់ធ្ងរ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស ហើយលោកបានអំពាវនាវ ឱ្យអន្តរជាតិបើកការស៉ើបអង្កេតលើរឿងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Volker Turk បាននិយាយថា មានការចោទប្រកាន់អំពីករណីបំពានច្បាប់មនុស្សធម៌អន្តរជាតិធ្ងន់ធ្ងរ ហើយលោកបានទាមទារ​ឱ្យមានការស៉ើបអង្កេតឱ្យល្អិតល្អន់ជុំវិញរឿងនេះ ដើម្បីឱ្យបុគ្គលដែលទាំងឡាយ ដែលបានប្រព្រឹត្តសកម្មភាពរំលោភបំពានទាំងនោះ ត្រូវតែមានការទទួលខុសត្រូវយ៉ាងពេញលេញតាមផ្លូវច្បាប់។ លោកឧត្តមស្នងការសិទ្ធិមនុស្ស UN មិនបានលើកឡើងចំឈ្មោះអ៉ីស្រាអែល ឬក៏​ក្រុមហាម៉ាសឡើយ ប៉ុន្តែការអត្ថាធិប្បាយនេះកើតមាន បន្ទាប់ពីលោកបានបំពេញទស្សនកិច្ច កាលពីសប្តាហ៍មុនទៅកាន់តំបន់មជ្ឈិមបូព៌ា ជាទីដែលលោកបានព្រមានថា ភាគីទាំងសងខាងកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងជម្លោះមួយដែលបានសម្លាប់មនុស្សសរុបច្រើនជាង ១ម៉ឺននាក់ហើយ។

ក្នុងសេចក្តីរាយការណ៍ទៅកាន់បណ្តារដ្ឋជាសមាជិក UN នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស លោក Turk បានបន្ថែមយ៉ាងដូច្នេះថា «នៅពេលដែលអាជ្ញាធរជាតិមិនមានឆន្ទៈ ឬមិនអាចធ្វើការស៉ើបអង្កេតឯករាជ្យបាន និងនៅពេលដែលមានការបរិយាយផ្ទុយស្រឡះពីគ្នា ជុំវិញឧប្បត្តិហេតុសំខាន់ៗ វាចាំបាច់តម្រូវឱ្យមានការស៉ើបអង្កេត ជាលក្ខណៈអន្តរជាតិ»។ លោក Volker Turk ក៏បានស្នើសុំអ៉ីស្រាអែល ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល និងដែនដីប៉ាឡេស្ទីនដោយផ្ទាល់ផងដែរ ដើម្បីពិនិត្យស្ថានការណ៍ជាក់ស្តែង ធ្វើកំណត់ហេតុ ក៏ដូចជា​សម្របសម្រួលកិច្ចការពារមនុស្សធម៌ ប៉ុន្តែខាងអ៉ីស្រាអែលបានបដិសេធ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានប្តេជ្ញាកម្ទេចពួកហាម៉ាស ដើម្បីសងសឹកសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ​ ដែលបានសម្លាប់មនុស្ស១,២០០នាក់ ហើយមនុស្សជិត២៤០នាក់ផ្សេងទៀត ត្រូវបានពួកគេចាប់យកធ្វើជាចំណាប់ខ្មាំង។ ចំណែកការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវគោករបស់អ៉ីស្រាអែល នៅតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាសវិញនោះ គឺមកទល់ពេលនេះបានសម្លាប់មនុស្សលើស១១,៥០០នាក់៕

រូបភាពពី AFP