(ហ្សាការតា)៖ អ្នកនាំពាក្យកងទ័ពអាកាសនៃប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សសរុបចំនួន៤នាក់ បានបាត់បង់ជីវិត នៅពេលយន្តហោះយោធា២គ្រឿង បានធ្លាក់ទៅបុកភ្នំ អំលុងការហោះហើរហ្វឹកហ្វឺន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
យន្តហោះប្រភេទ Embraer Super Tucano ចំនួន២គ្រឿង របស់កងទ័ពអាកាសឥណ្ឌូណេស៉ី បានហោះចេញពីទីក្រុង Malang នៃខេត្តជ្វាខាងកើត (East Java) កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលដាច់ការទាក់ទង នៅរយៈពេលប្រមាណជាកន្លះម៉ោងក្រោយមក អំលុងការហោះហើរហ្វឹកហ្វឺនជាប្រចាំមួយ។
លោក Agung Sasongko អ្នកនាំពាក្យកងទ័ពអាកាសឥណ្ឌូណេស៉ី បាននិយាយថា សាកសពទាំងអស់គឺត្រូវបានរកឃើញហើយ ដោយរួមមានពីឡុតសរុប៤នាក់ (យន្តហោះ១គ្រឿងមាន២ពីឡុត២នាក់)។ សាកសពពួកគេត្រូវបានរកឃើញ បន្ទាប់ពីទទួលបានព័ត៌មានពីសំណាក់សាធារណជន អំពីទីតាំងដែលយន្តហោះទាំង២គ្រឿង បានធ្លាក់។
គួរបញ្ជាក់ថា សាកសពពីឡុតខាងលើ ត្រូវបានរកឃើញនៅទីជម្រាលមួយក្បែរភ្នំ Bromo នៃខេត្តជ្វាខាងកើត លើកោះជ្វាដែលជាកោះមានមនុស្សរស់នៅច្រើនបំផុត របស់ប្រទេសឥណ្ឌូណេស៉ី។ ក្រុមអ្នកស៉ើបអង្កេតនឹងធ្វើការវិភាគទៅលើប្រអប់ផ្ទុកសំឡេង ព្រមទាំងទិន្នន័យផ្សេងទៀត ដើម្បីកំណត់ឱ្យបានច្បាស់អំពីអ្វីដែលបានកើតឡើង រហូតបណ្តាលឱ្យធ្លាក់យន្តហោះយោធាទាំង២គ្រឿង៕
រូបភាពពីកងទ័ពអាកាសឥណ្ឌូណេស៉ី