(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីម៉ិកស៉ិក និងប្រធានាធិបតីចិនបានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយប្តេជ្ញាធ្វើការរួមគ្នាក្នុងការពង្រឹងទំនាក់ទំនង ប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ ជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជំនួបនៃលោក Andres Manuel Lopez Obrador និងលោក ស៉ី ជីនពីង ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី ប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក។ បើតាមស្ថានទូតចិនប្រចាំនៅម៉ិកស៉ិក លោក ស៉ី ជីនពីង បាននិយាយក្នុងកិច្ចប្រជុំនោះថា ទំនាក់ទំនងចិន-ម៉ិកស៉ិកត្រូវបានពង្រឹងដោយពេលវេលា និងកាន់តែផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ចិនមានឆន្ទៈពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្រ្ត និងស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

លោក Lopez Obrador បាននិយាយថា អ្នកទាំងពីរប្តេជ្ញាបន្តរក្សាទំនាក់ទំនងល្អ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន។ បើតាមក្រសួងការបរទេសម៉ិកស៉ិក មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួនពីរ គឺការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យនៅភាគខាងជើងនៃប្រទេស ដែលគេហៅថាជាច្រករបៀងអន្តរមហាសមុទ្រ ដើម្បីទាក់ទាញអាជីវកម្មឆ្ពោះទៅភាគខាងត្បូង។

គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិន បាននិងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមពីម៉ិកស៉ិក និងចិន ដើម្បីទប់ស្កាត់លំហូរនៃថ្នាំ fentanyl ដែលមានសារធាតុញៀនអាចសម្លាប់មនុស្សបានប្រសិនបើប្រើប្រាស់លើសកម្រិត ហើយដែលបានជំរុញឲ្យមានការកើនឡើងនូវអ្នកស្លាប់ក្នុងសហរដ្ឋអាមេរិក៕

រូបភាពពី Reuters