(អង់ការ៉ា)៖ គណៈកម្មការកិច្ចការបរទេសនៃសភារបស់ប្រទេសតួកគី បានពន្យារពេលបោះឆ្នោតលើសេចក្តីព្រាងច្បាប់ស្តីពីការសុំចូលជាសមាជិកអង្គការ NATO របស់ស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលហាក់បន្ថយក្តីរំពឹងបន្ថែមទៀតសម្រាប់ស៊ុយអែត ក្នុងការក្លាយជាសមាជិករបស់បក្សសម្ព័ន្ធយោធាមួយនេះ បន្ទាប់ពីរង់ចាំអស់ ១៨ខែមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រធានគណៈកម្មការ លោក Fuat Oktay បាននិយាយថា គណៈកម្មការនៃសភាដែលគ្រប់គ្រងដោយបក្សកាន់អំណាច របស់លោកប្រធានាធិបតី Tayyip Erdogan នឹងធ្វើការពិភាក្សាគ្នាបន្ថែមទៀត ហើយអាចនឹងយកសេចក្តីព្រាងច្បាប់នេះដាក់ទៅក្នុងរបៀបវារៈរបស់ខ្លួនវិញ នៅសប្តាហ៍ក្រោយ។ លោក Oktay បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយការជជែកដេញដោលគ្នាជាច្រើនម៉ោងថា «សមាជិកទាំងអស់ដែលត្រូវពិនិត្យលើសមាជិកភាពណាតូរបស់ស៊ុយអែត ចាំបាច់ត្រូវតែគិតគូរឲ្យបានពេញលេញ។ យើងនឹងពិភាក្សាអំពីបញ្ហានេះនៅក្នុងកិច្ចប្រជុំគណៈកម្មការបន្ទាប់»។ លោក Oktay បានបន្ថែមថា «គណៈកម្មាការអាចអនុម័តលើសេចក្តីព្រាងច្បាប់នេះដោយសំលេងភាគច្រើន ហើយអាចនឹងមានការអញ្ជើញឯកអគ្គរដ្ឋទូតស៊ុយអែត មកកាន់សភាតួកគីដើម្បីធ្វើសេចក្តីសង្ខេបក្នុងករណីចាំបាច់ និងប្រសិនបើបទប្បញ្ញត្តិរបស់សភាអនុញ្ញាតឲ្យធ្វើបែបនោះ»

គួរបញ្ជាក់ថា ស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការណាតូ នៅពេលដែលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីឆ្នាំ ២០២២។ ការផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់នេះ ចាំបាច់ត្រូវមានការសម្រេចពីគណៈកម្មការកិច្ចការបរទេសជាមុនសិន មុននឹងដាក់ឲ្យបោះឆ្នោតក្នុងសភា ដែលអាចនឹងមកដល់នៅប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខ។ បន្ទាប់មក លោកប្រធានាធិបតី Erdogan នឹងចុះហត្ថលេខាលើច្បាប់នេះដើម្បីបញ្ចប់ដំណើរការ៕

រូបភាពពី AFP