(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស នៅក្បែររដ្ឋធានី ដាម៉ាស នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះដោយបង្កការខូចខាតមួយចំនួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

អ៉ីស្រាអែល បានវាយប្រហារលើគោលដៅនៅក្នុងប្រទេសស៊ីរី ជាច្រើនលើកមកហើយ ក្នុងពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ខណៈភាពតានតឹងក្នុងតំបន់កំពុងកើនឡើង ដោយសារតែសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធា ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានឱ្យដឹងថានៅម៉ោងប្រហែល ២៖២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រនេះ អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសចេញពីតំបន់ Golan Heights លើគោលដៅជាច្រើននៅតាមជាយរដ្ឋធានីដាម៉ាស។ SANA មិនបានបញ្ជាក់លម្អិតពីទីតាំងដែលរងការវាយប្រហារទេ ដោយគ្រាន់តែអះអាងពីការខូចខាតមួយចំនួន ហើយប្រព័ន្ធការពារដែនអាកាសស៊ីរី ក៏បានស្ទាក់បំផ្លាញមីស៊ីលមួយចំនួនរបស់ អ៉ីស្រាអែលផងដែរ។

ប៉ុន្តែ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឱ្យដឹងថាការវាយប្រហាររបស់អ៉ីស្រាអែលគឺមាន គោលដៅលើមូលដ្ឋានប្រើប្រាស់ដោយចលនាប្រដាប់អាវុធហេសបូលឡាលីបង់។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កាលពីខែតុលា បានធ្វើឱ្យអាកាសយានដ្ឋានសំខាន់២ ក្នុងរដ្ឋធានី ដាម៉ាស និងនៅក្នុងទីក្រុង Aleppo ផ្អាកដំណើរការរបស់ខ្លួនជាច្រើនម៉ោង ក្នុងរយៈពេល២សប្ដាហ៍។ ចំណែក កាលពីថ្ងៃទី៨ ខែវិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានអះអាងថាការវាយប្រហាររបស់អ៉ីស្រាអែលបានសម្លាប់អ្នកប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ៣នាក់ ក្នុងការវាយប្រហារលើមូលដ្ឋានរបស់ក្រុមហេសបូឡាក្បែររដ្ឋធានីដាម៉ាស៕