(ប៉ារីស)៖ បារាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានថ្កោលទោសចំពោះអំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែល នៅក្នុង តំបន់ West Bank ដោយចាត់ទុកថានេះជាគោលនយាបាយបំភិតបំភ័យ ក្នុងគោលបំណងបណ្ដេញជនជាតិប៉ាឡេស្ទីន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមតួលេខផ្ដល់ដោយអង្គការសហប្រជាជាតិ អំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលបានកើនឡើងទ្វេដង ចាប់តាំងពី ក្រុមហាម៉ាសវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាមក។ ក្នុងសនិ្នសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេស បារាំង លោកស្រី អានក្លែរ ឡេហ្សង់ (Anne-Claire Legendre) បានគូសបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធនឹងតំបន់ West Bank ខ្ញុំសូមសម្ដែងការថ្កោលទោសយ៉ាងខ្លាំងពីបារាំង ចំពោះអំពើហិង្សាប្រព្រឹត្តឡើងដោយនិគមជនអ៉ីស្រាអែលប្រឆាំងនឹងជនជាតិ ប៉ាឡេស្ទីន។ អំពើហិង្សាមានគោលដៅយ៉ាងច្បាស់ក្នុងការបណ្ដេញជនជាតិប៉ាឡេស្ទីន ហើយជាគោលនយោបាយបំភិតបំភ័យ មួយ»

អ្នកនាំពាក្យក្រសួងការបរទេសបារាំងរូបនេះក៏បានជំរុញផងដែរថាអាជ្ញាធរអ៉ីស្រាអែលត្រូវចាត់វិធានការចាំបាច់នានា ដើម្បីការពារ ប្រជាជនប៉ាឡេស្ទីន តែបានព្រមានថាគោលនយោបាយតាំងទីលំនៅខុសច្បាប់បានបំផ្លាញដំណោះស្រាយរដ្ឋ ២។

គួរបញ្ជាក់ថា តាមតួលេខរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៣នេះ គឺជាឆ្នាំដែលជនជាតិប៉ាឡេស្ទីនក្នុងតំបន់ West Bank ស្លាប់ច្រើនបំផុតដោយសារអំពើហិង្សានារយៈពេលជាង១៥ឆ្នាំមកនេះ ក្នុងមានជនជាតិប៉ាឡេស្ទីនជាង ២០០នាក់ត្រូវបានសម្លាប់ ខណៈជនជាតិអ៉ីស្រាអែល ២៦នាក់ត្រូវបានសម្លាប់។

ប៉ុន្តែ ត្រឹមតែ៣សប្ដាហ៍នេះចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល និងហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក ជនជាតិប៉ាឡេស្ទីន យ៉ាងហោច ១២០នាក់ហើយ ក្នុងតំបន់ West Bank ហើយការស្លាប់ភាគច្រើនបណ្ដាលមកពីការប៉ះទង្គិចគ្នាជាមួយទាហាន អ៉ីស្រាអែល។ នេះមិនទាន់រាប់បញ្ចូលចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាផង៕

រូបភាពពី Reuters