(San Francisco)៖ នាយករដ្ឋមន្ត្រីជប៉ុ​ន លោក ហ្វូមីអុ គីស៊ីដា និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបគ្នានៅក្នុងជំនួប ទល់មុខគ្នាជាលើកដំបូងបំផុតក្នុងរយៈពេល១ឆ្នាំមកនេះ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco កាលពី ល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

មេដឹកនាំនៃប្រទេសទាំង២ ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាពីការបង្កើតក្របខណ្ឌកិច្ចសន្ទនាថ្មីមួយស្ដីពីបញ្ហាពាណិជ្ជកម្ម និងស្វែងរកការផ្សះផ្សារទំនាក់ទំនងក្រោយមានភាពរកាំរកូសនឹងគ្នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក គីស៊ីដា ប្រាប់លោក ស៊ី ជីនពីង នៅពេលចាប់ផ្ដើមកិច្ចប្រជុំថាជប៉ុន និងចិន រួមរស់ និងរីកចម្រើនជាមួយក្នុងនាមជាអ្នកជិតខាង និងមានទទួលខុសត្រូវ ក្នុងការចូលរួមចំណែកដល់សន្តិភាព និងវិបុលភាពរបស់ពិភពលោក។

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក គីស៊ីដា ក៏នឹងត្រូវចូលរួមក្នុងជំនួប ត្រីភាគីជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិនផងដែរ នៅខាងក្រៅ កិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង San Francisco ដែលប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ៕

រូបភាព Reuters