(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះបាននិយាយថាលោកនឹងជួប ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីភាពតានតឹងក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសុន្ទរកថាវីដេអូមួយ លោក Marcos បានកត់សម្គាល់ថា «យើងនឹងទទួលទស្សនៈយល់ឃើញរបស់លោកប្រធានាធិបតីចិន ចំពោះអ្វីដែលយើងអាចធ្វើបាន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសកុំឱ្យស្ថានការណ៍កាន់តែតានតឹងក្នុងសមុទ្រហ្វីលីពីន ខាងលិច»។ លោក Marcos បន្ថែមថាលោក និងលោក ស៊ី ជីនពីង ក៏នឹងពិភាក្សាគ្នាដែរពីការស្វែងរកមធ្យោបាយឆ្ពោះទៅមុខ ជាមួយគ្នា លើសំណុំរឿងសមុទ្រចិនខាងត្បូង បន្ទាប់ពីលោកបានជជែកពីបញ្ហានេះជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris។ ប៉ុន្តែ ខាងភាគីចិនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយ។

គួរបញ្ជាក់ថា ហ្វីលីពីន បានហៅផ្នែកនៃសមុទ្រចិនខាងត្បូងដែលខ្លួនទាមទារអធិបតេយ្យ ថាសមុទ្រហ្វីលីពីនខាងលិច (West Philippine Sea)៕

រូបភាពពី Reuters