(ប៉េកាំង)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើកិច្ចជំនួបប្រមុខរដ្ឋចិន-អាមេរិក នៅភូមិគ្រឹះ Filoli នៅក្រុង San Francisco សហរដ្ឋអាមេរិក ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅនិងស្មោះត្រង់ និងឈានដល់គំនិតឯកភាពរួមថ្មី លើបញ្ហាប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ភាពទូទៅ និងទិសដៅដែលទាក់ទងនឹងទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះពិភពលោកបាននិងកំពុងឆ្លងកាត់ការប្រែប្រួលនិម្មាបនកម្មយ៉ាងខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ប្រទេសចិន និងសហរដ្ឋអាមេរិកមានជម្រើសពីរ៖ មួយគឺពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល ព្រមនិងជំរុញសន្តិសុខនិងវិបុលភាពពិភពលោក មួយទៀតគឺការប្រកាន់យកគំនិតផលបូកសូន្យ ញុះញង់ឱ្យបង្កការប្រឈមមុខដាក់គ្នាជាប្លុក ធ្វើឱ្យពិភពលោកដើរទៅរកភាពចលាចល និងការបែកបាក់។ ជម្រើសទាំងពីរនេះតំណាងឱ្យទិសដៅពីរ ដែលនឹងកំណត់ពីអនាគតរបស់មនុស្សជាតិ និងអនាគតនៃភាពផែនដី។ ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកត្រូវតែគិតពិចារណា និងគ្រោងផែនការក្នុងបរិបទធំមួយនេះ។ប្រទេសចិននិងអាមេរិកមិនទាក់ទងគ្នា គឺមិនអាចទៅរួចទេ ហើយការព្យាយាមកែប្រែគូភាគីក៏ជារឿងមិនប្រាកដប្រជានោះដែរ គ្មាននរណាម្នាក់អាចទទួលរ៉ាប់រងផលវិបាកនៃជម្លោះ និងការប្រឈមមុខដាក់គ្នានោះទេ។

ការប្រកួតប្រជែងរវាងប្រទេសធំមិនអាចដោះស្រាយបញ្ហាដែលប្រទេសចិន សហរដ្ឋអាមេរិក និងពិភពលោក បាននិងកំពុងប្រឈមមុខនោះទេ។ ប្រទេសចិននិងសហរដ្ឋអាមេរិកអាចរួមរស់ជាមួយគ្នានៅលើភពផែនដីនេះ ហើយភាពជោគជ័យរៀងៗខ្លួនរបស់យើង គឺជាកាលានុវត្តភាពសម្រាប់គ្នាទៅវិញទៅមក។ លោក Xi Jinping បានអធិប្បាយយ៉ាងស៊ីជម្រៅអំពីលក្ខណៈពិសេសនិងអត្ថន័យនៃការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជាចក្ខុវិស័យនៃការអភិវឌ្ឍ និងគោលបំណងយុទ្ធសាស្ត្ររបស់ប្រទេសចិន។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិនមានតក្កវិជ្ជា និងក្រឹត្យក្រមរបស់ខ្លួនក្នុងការអភិវឌ្ឍ។

ប្រទេសចិនបាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តាមរយៈទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនមិនដើរតាមមាគ៌ាចាស់បែបឆក់ប្លន់ របស់ពួកអាណានិគមនោះទេ ហើយក៏មិនដើរតាមមាគ៌ាអនុត្តរភាពនៅពេល ដែលប្រទេសជាតិមានកម្លាំងខ្លាំងក្លានោះដែរ ប្រទេសចិនមិននាំចេញមនោគមវិជ្ជា ហើយក៏មិនធ្វើការប្រឈមដាក់គ្នាខាងមនោគមវិជ្ជា ជាមួយប្រទេសណានោះដែរ ។ ប្រទេសចិនគ្មានផែនការវ៉ាហួស ឬជំនួសតួនាទីរបស់សហរដ្ឋអាមេរិកទេ ហើយអាមេរិកក៏មិនគួរមានគំនិតនិងគាបសង្កត់ប្រទេសចិនដែរ។

លោក Xi Jinping បានលើកឡើងថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែជាបទពិសោធដែលបានពីទំនាក់ទំនងចិន-អាមេរិករយៈពេល ៥០ ឆ្នាំប៉ុណ្ណោះទេ ហើយក៏ជាការបំផុសគំនិត ដែលបានពីជម្លោះ រវាងប្រទេសធំក្នុងប្រវត្តិសាស្ត្រផងដែរ វាគួរក្លាយជាទិសដៅសម្រាប់ការខិតខំប្រឹងប្រែងរបស់ ចិននិងអាមេរិក។ ដរាបណាភាគីទាំងពីរប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដរាបនោះនឹងអាចគ្រប់គ្រងពីការខ្វែងគំនិតនិងរកឃើញ មធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ការរួមរស់នៅ ជាមួយគ្នារវាងប្រទេសធំទាំងពីរ ។ ក្នុងអំឡុងពេលកិច្ចជំនួបនៅកោះបាលីកាលពីឆ្នាំមុន ភាគីអាមេរិកបានបង្ហាញថា មិនស្វែងរកការផ្លាស់ប្តូរប្រព័ន្ធរបបរបស់ប្រទេសចិន មិនស្វែងរកការបង្ក "សង្រ្គាមត្រជាក់ថ្មី" មិនស្វែងរកការពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងនឹងប្រទេសចិន មិនគាំទ្រពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងគ្មានចេតនាបង្កជម្លោះជាមួយចិន។

នៅក្នុងកិច្ចជំនួបនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះ ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែមានចក្ខុវិស័យថ្មី ដើម្បីរួមគ្នាកសាងសសរស្តម្ភទាំងប្រាំ នៃទំនាក់ទំនងចិន-អាមេរិក។ ទី១គឺរួមគ្នាបង្កើតការយល់ដឹងដ៏ត្រឹមត្រូវ។ ប្រទេសចិនខិតខំប្រឹងប្រែងជាប់រហូតក្នុងការបង្កើតទំនាក់ទំនង រវាងចិននិងសហរដ្ឋអាមេរិកប្រកបដោយស្ថិរភាព បរិសុទ្ធនិងជានិរន្តរភាព ព្រមពេលជាមួយគ្នានេះ ប្រទេសចិនមានផលប្រយោជន៍ដែលត្រូវតែគាំពារ មានគោលការណ៍ត្រូវតែការពារ និងនិងមានបន្ទាត់ក្រហមត្រូវតែប្រកាន់ខ្ជាប់ សង្ឈឹមថាប្រទេសទាំងពីរអាចធ្វើជាដៃគូ គោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិសហវិជ្ជមាន។

ទី២គឺរួមគ្នាគ្រប់គ្រង់ការខ្វែងគំនិតដោយមានប្រសិទ្ធភាព ។មិនឱ្យការខ្វែងគំនិតក្លាយទៅជាចន្លោះរវាងប្រទេសទាំងពីរ ភាគីទាំងពីរត្រូវយល់ដឹងពីគោលការណ៍និងបន្ទាត់ក្រហមរវាងគ្នានិងគ្នា កុំប្រឌិតរឿង កុំបង្ករឿងហេតុ កុំឆ្លងកាត់បន្ទាត់ ធ្វើការប្រាស្រ័យទាក់ទងឱ្យបានច្រើន ធ្វើកិច្ចសន្ទនាឱ្យបានច្រើន ពិគ្រោះពិភាក្សាឱ្យបានច្រើន ដោះស្រាយការខ្វែងកំនិតនិងគ្រោះថ្នាក់ដោយស្ងប់ស្ងាត់។

ទី៣គឺរួមគញនាជំរុញកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ ចិននិងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួម យ៉ាងទូលំទូលាយលើវិស័យច្រើន មិនត្រឹមតែលើវិស័យប្រពៃណី ដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្មជាដើមប៉ុណ្ណោះទេ ថែមទាំងលើវិស័យថ្មីដូចជា បម្រែបម្រួលអាកាសធាតុ បញ្ញាឆ្លាតវៃជាដើមទៀតផង។ ភាគីទាំងពីរត្រូវតែប្រើប្រាស់ឱ្យបានល្អ នូវយន្តការដែលស្តារឡើងវិញឬបង្កើតឡើងលើវិស័យដូចជា ការទូត សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធុរកិច្ចពាណិជ្ជកម្មនិងកសិកម្មជាដើម ធ្វើកិច្ចសហប្រតិបត្តិការខាងការប្រឆាំងគ្រឿងញៀន ការប្រតិបត្តិច្បាប់ បញ្ញាឆ្លាតវៃ និងបច្ចេកវិទ្យាជាដើម។

ទី៤ គឺរួមគ្នាទទួលទំនួលខុសត្រូវរបស់មហាប្រទេស ។ ការដោះស្រាយបញ្ហាប្រឈមក្នុងសង្គមមនុស្សជាតិ មិនអាចសម្រេចបានទេបើគ្មានកិច្ចសហប្រតិបត្តិការរបស់ប្រទេសធំៗ។ ចិននិងសហរដ្ឋអាមេរិកគួរតែធ្វើការដឹកនាំបង្កើនកិច្ចសម្របសម្រួល និងកិច្ចសហការលើបញ្ហាក្នុងអន្តរជាតិនិងតំបន់ ផ្តល់ផលិតផលសាធារណៈកាន់តែច្រើនចំពោះពិភពលោក គំនិតផ្តួចផ្តើមដែលលើកឡើងដោយភាគីទាំងពីរ ត្រូវបើកចំហគ្នាទៅវិញទៅមក ក៏អាចសម្របសម្រួលធ្វើការតភ្ជាប់ បង្កើតកម្លាំងរួម។

ទី៥ គឺរួមគ្នាជំរុញការផ្លាស់ប្តូរវប្បធម៌មនុស្ស ។ត្រូវបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ពង្រីកការប្រាស្រ័យទាក់ទងក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការខាងការអប់រំ លើកទឹកចិត្តនិងគាំទ្រប្រជាជនប្រទេសទាំងពីរ ធ្វើការប្រាស្រ័យទាក់ទង និងធ្វើការផ្លាស់ប្តូរឱ្យបានច្រើន។

លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយយ៉ាងស៊ីជម្រៅ នូវគោលការណ៍និងគោលជំហរលើបញ្ហាតៃវ៉ាន់ ដោយចង្អុលបង្ហាញថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាដ៏សំខាន់និងរសើមបំផុតនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ទៅលើ ការបង្ហាញអាកប្បកិយិយាដ៏វិជ្ជមានពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកិច្ចជំនួបកោះBali ភាគីអាមេរិកត្រូវអនុវត្តអាកប្បកិរិយាមិនគាំទ្រ “កម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ”ឱ្យប្រាកដប្រជា បញ្ឈប់ការបំពាក់អាវុធតៃវ៉ាន់ គាំទ្រប្រទេសចិនធ្វើការបម្រួបសម្រួមដោយសន្តិវិធី។ ទីបំផុតប្រទេសចិននឹងបង្រួបបង្រួម ហើយត្រូវតែបង្រួបបង្រួម។

លោក Xi Jinping បានលើកឡើងថា ភាគីអាមេរិកបានចាត់វិធានការដែលសំដៅចំពោះចិន ជាបន្តបន្ទាប់លើវិស័យដាក់កំហិតចំពោះការនាំចេញ ការត្រួតពិនិត្យចំពោះការនិវិយោគ និងការដាក់ទណ្ឌកម្មដោយឯកតោភាគី ដែលបានបង្ខូចយ៉ាងធ្ងន់ធ្ងរនូវផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ចិន។ ការដាក់កំហិតលើបច្ចេកវិទ្យាចិន គឺជាការទប់ស្កាត់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន និងដកហូតសិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិន។ ការអភិវឌ្ឍនិងរីកចម្រើនរបស់ចិនមានកត្តវិជ្ជាផ្ទៃក្នុងរបស់ខ្លួន គឺមិនអាចត្រូវបានរាងរាំងដោយកម្លាំងខាងក្រៅនោះទេ។ សង្ឃឹមថា ភាគីអាមេរិកយកចិត្តទុកដាក់ចំពោះកង្វល់របស់ចិន ចាត់វិធានការដើម្បីលុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគី ក្នុងន័យផ្តល់បរិយាកាសដ៏យុត្តិធម៌ ត្រឹមត្រូវនិងមិនរើសអើងសម្រាប់សហគ្រាសចិន។

លោក Biden បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Xi Jinping ដែលបានអញ្ជើញធ្វើដំណើរទៅកាន់អាមេរិក ដើម្បីចូលរួមកិច្ចជំនួបប្រមុខរដ្ឋអាមេរិក-ចិននៅអាមេរិក។ លោកបានលើកឡើងថា ឆ្នាំមុនខ្ញុំនិងលោក Xi បានធ្វើកិច្ចជំនួបយ៉ាងសំខាន់នៅកោះបាលី។ ក្រុងសាន់ហ្វ្រាន់ស៊ីស្កូជាកន្លែងដែលជនជាតិចិន មកដល់មុនគេបង្អស់នៅអាមេរិក ជាកន្លែងដែលអាមេរិកនិងចិនចុះហត្ថលេខាលើ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ហើយក៏ជាកន្លែងដែលអាមេរិកនិងចិន ចងសម្ព័ន្ធភាពជាទីក្រុងមិត្តភាពមុនគេបង្អស់ផងដែរ។ ថ្ងៃនេះ យើងធ្វើកិច្ចជំនួបទល់មុខជាថ្មីម្តងទៀតនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ វាប្រកបដោយសារសំខាន់ដ៏ពិសេស ខ្ញុំរំពឹងថាយើងនឹងទទួលបានគំនិតឯកភាពរួមនិងសមិទ្ធផលថ្មី ដោយឈរលើមូលដ្ឋាននៃកិច្ចជំនួបកោះបាលី។

លោក Biden បានលើកឡើងថា ខ្ញុំតែងតែសម្គាល់ឃើញជានិច្ចថា ទំនាក់ទំនងរវាងអាមេរិកនិងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុត លើពិភពលោក ហើយជម្លោះរវាងអាមេរិកនិងចិន មិនមែនមិនអាចចៀសវាងបាននោះទេ។ ប្រទេសចិនដែលមានស្ថិភាពនិងការអភិវឌ្ឍ គឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកនិងពិភពលោក កំណើនសេដ្ឋកិច្ចចិនមានអំណោយផលដល់អាមេរិក ហើយក៏មានអំណោយផលដល់ពិភពលោកផងដែរ។ ទំនាក់ទំនងរវាងចិននិងអាមេរិកដែលរក្សាបាននូវស្ថិរភាព បង្ការកុំឱ្យកើតមានការប៉ះទង្គិច គ្រប់គ្រងការខ្វែងគំនិតគ្នា ហើយធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដែលសមស្រប នឹងផលប្រយោជន៍របស់ភាគីទាំងពីរ វានឹងជួយប្រទេសទាំងពីរឱ្យឆ្លើយតប កាន់តែល្អចំពោះបញ្ហារៀងៗខ្លួននិងបញ្ហាដែលប្រឈមរួម។

ខ្ញុំរីករាយក្នុងការរំលឹកឡើងវិញនូវពាក្យសន្យា ៥ ចំណុចដែលបានធ្វើក្នុងកិច្ចជំនួបកោះបាលី ពោលគឺ អាមេរិកមិនស្វែងរកការធ្វើសង្គ្រាមត្រជាក់ថ្មី មិនស្វែងរកការកែប្រែប្រព័ន្ធរបបរបស់ចិន មិនស្វែងរកការប្រឆាំងប្រទេសចិន តាមរយៈការពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត មិនគាំទ្រ "តៃវ៉ាន់ឯករាជ្យ" ហើយគ្មានចេតនាបង្កជម្លោះជាមួយចិននោះទេ។ សេដ្ឋកិច្ចមេរិកនិងចិនគឺពឹងផ្អែកគ្នាទៅវិញទៅមក អាមេរិករីករាយដែលមើលឃើញការអភិវឌ្ឍ និងភាពសម្បូរសប្បាយរបស់ចិន មិនស្វែងរកការគាបសង្កត់និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនទេហើយ ក៏មិនស្វែងរកការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិននោះដែរ។

ភាគីអាមេរិកគោរពយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ស្វាគមន៍គ្រប់ក្រសួង-ស្ថាប័ននិងគ្រប់ស្រទាប់ជាន់ថ្នាក់ នៃភាគីទាំងពីរធ្វើកិច្ចសន្ទនាគ្នា អាមេរិករីករាយបន្តរក្សាការប្រាស្រ័យទាក់ទង ប្រកបដោយភាពស្មោះត្រង់និងបើកទូលាជាមួយចិន ដើម្បីបង្កើនការយល់ដឹង ចៀសវាងការយល់ច្រឡំ និងគ្រប់គ្រងការខ្វែងគំនិតគ្នា។ ភាគីអាមេរិករីករាយបន្តអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយចិន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជាបម្រែបម្រួលអាកាសធាតុ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងភាពឆ្លាតវៃសិប្បនិម្មិតជាដើម និងរីករាយក្នុងការបង្កើនជើងហោះហើយផ្ទាល់រវាងប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូរផ្នែកអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងពង្រីកការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន៕

ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមការងារនៃគូភាគីក្នុងការពិភាក្សា អំពីការកំណត់គោលការណ៍ណែនាំ សម្រាប់ទំនាក់ទំនងចិន-អាមេរិកក្រោយពីកិច្ចជំនួបកោះបាលី ហើយគូសបញ្ជាក់ថាត្រូវគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាន រក្សាការប្រាស្រ័យទាក់ទងគ្នា បង្ការកុំឱ្យកើតមានជម្លោះ គោរពយ៉ាងម៉ឺងម៉ាត់នូវ «ធម្មនុញ្ញាអង្គការសហប្រជាជាតិ» ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម និងគ្រប់គ្រងកត្តាប្រកួតប្រជែងក្នុងទំនាក់ទំនងទ្វេភាគីដោយមានទំនួលខុសត្រូវ។ ប្រមុខរដ្ឋទាំងពីរក៏ស្វាគមន៍ក្រុមការងារភាគីទាំងពីរ បន្តពិភាក្សាអំពីខ្លឹមសារទាំងនេះផងដែរ។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពក្នុងការជំរុញ និងបង្កើន កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកលើគ្រប់វិស័យ រួមមានជាអាទិ៍៖ បង្កើតកិច្ចសន្ទនាអន្តររដ្ឋាភិបាលផ្នែកភាពឆ្លាតវៃសិប្បនិម្មិត, បង្កើតក្រុមការងារសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនចិន-អាមេរិក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការខាងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, រៀបចំឡើងវិញនូវការប្រាស្រ័យទាក់ទងជាន់ខ្ពស់រវាងកងទ័ពទាំងពីរ កិច្ចជំនួបការងារក្រសួងការពារជាតិចិន-អាមេរិក និងកិច្ចប្រជុំនៃយន្តការពិគ្រោះពិភាក្សាស្តីពីសន្តិសុខយោធាតាមសមុទ្រចិន-អាមេរិកដោយឈរលើមូលដ្ឋាននៃសមភាពនិងគោរពគ្នា, ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំនៃយុទ្ធភូមិភាគកងទ័ពទាំងពីរចិន-អាមេរិក, ឯកភាពឱ្យបន្ថែមជើងហោះហើរក្នុងចំនួនច្រើន នៅដើមឆ្នាំក្រោយ, ពង្រីកការផ្លាស់ប្តូរលើវិស័យអប់រំ ការបន្តការសិក្សានៅបរទេស យុវជន វប្បធម៌ កីឡានិងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម ។ល។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃការដែលចិននិងអាមេរិករួមគ្នាពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយស្វាគមន៍បេសកជនពិសេសទទួលបន្ទុកកិច្ចការអាកាសធាតុ នៃប្រទេសទាំងពីរធ្វើការពិភាក្សាយ៉ាងសកម្ម ក្នុងនោះរួមទាំងការកាត់បន្ថយសកម្មភាពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងទសវត្សរ៍ឆ្នាំ ២០២០, ការរួមគ្នាជំរុញឱ្យមហាសន្និបាតបម្រែបម្រួលអាកាសធាតុ អង្គការសហប្រជាជាតិក្រុងឌូបៃ (COP28) ប្រព្រឹត្តទៅដោយជោគជ័យ និងចាប់ដំណើរការ"ក្រុមការងារពង្រឹងសកម្មភាពឆ្លើយតបនឹង អាកាសធាតុក្នុងទសវត្សរ៍ឆ្នាំ ២០២០ នៃសតវត្សរ៍ទី ២១" ដើម្បីពន្លឿនការសកម្មភាពឆ្លើយតបនឹងអាកាសធាតុ។

បន្ទាប់ពីកិច្ចជំនួប លោក Biden បានរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ជូនលោក Xi Jinping។ ប្រមុខរដ្ឋទាំងពីរបានផ្លាស់ប្តូរទស្សនៈលើ បញ្ហាអន្តរជាតិនិងតំបន់ដែលជាកង្វល់រួមដូចជាការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជាដើម ។លោក Biden ក៏បានអញ្ជើញលោក Xi Jinping ដើរកម្សាន្តជាមួយគ្នានៅក្នុងភូមិគ្រឹះ Filoli ហើយបានជូនដំណើរលោក Xi Jinping ឡើងរថយន្តដោយផ្ទាល់ផងដែរ។ កិច្ចជំនួបលើកនេះប្រកបដោយភាពវិជ្ជមាន គ្រប់ជ្រុងជ្រោយនិងលក្ខណៈស្ថាបនា ដែលបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់ សម្រាប់ការកែលម្អនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក។

ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូជាចំណុចចាប់ផ្តើមថ្មីសម្រាប់លំនឹងទំនាក់ទំនងរវាងចិននិងអាមេរិក។ ប្រមុខរដ្ឋទាំងពីរ បានជំរុញឱ្យក្រុមការងាររបស់ខ្លួនអនុវត្តគំនិត ឯកភាពរួមនៃកិច្ចជំនួបកោះបាលីឱ្យបានល្អ ហើយតាមដាននិងអនុវត្តតាមចក្ខុវិស័យថ្មី នៃកិច្ចជំនួបលើកនេះ។ ប្រមុខរដ្ឋទាំងពីរបានយល់ព្រមបន្តរក្សាការប្រាស្រ័យ ទាក់ទងគ្នាឱ្យបានញឹកញាប់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន