(ប៉េកាំង)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានធ្វើ កិច្ចជំនួបប្រមុខរដ្ឋចិន-អាមេរិកនៅភូមិគ្រឹះ Filoli នៅក្រុង San Francisco សហរដ្ឋអាមេរិក ។ បន្ទាប់ពីបញ្ចប់កិច្ចជំនួប លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានថ្លែងអំពី កិច្ចជំនួបប្រមុខរដ្ឋចិន-អាមេរិកនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ព្រមនិងឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន។

លោក Wang Yi បានថ្លែងថា កិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅភូមិត្រឹះFiloli បានប្រព្រឹត្តទៅយ៉ាងរលូន គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ។ កិច្ចជំនួបនេះមានលក្ខណៈពិសេសបីចំណុច៖

ទីមួយ គឺមានលក្ខណៈជាយុទ្ធសាស្ត្រ។ លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្ញើលិខិតអញ្ជើញដាច់ដោយឡែកមួយ ជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិនដើម្បីអញ្ជើញលោកឱ្យចូលរួមកិច្ចជំនួបប្រមុខរដ្ឋ ដែលខុសពីការរៀបចំកិច្ចជំនួបទ្វេភាគីក្នុងអំឡុងពេលកិច្ចប្រជុំ APEC នេះ។ ភាគីអាមេរិកបានបញ្ជាក់ជាពិសេសថា កិច្ចជំនួបនេះគឺជាកិច្ចប្រជុំកំពូលមួយលើករវាងប្រទេសចិននិងអាមេរិក។ អាចនិយាយបានថា នេះជាកិច្ចប្រជុំប្រមុខរដ្ឋមួយលើក ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយ។

ទីពីរ គឺមានលក្ខណៈជាប្រវត្តិសាស្ត្រ។ កិច្ចជំនួបលើកនេះត្រូវបានធ្វើឡើងក្នុងបរិបទធំដែលទំនាក់ទំនងចិន-អាមេរិកស្ថិតនៅក្នុងដំណាក់កាលគន្លឹះ។ វាប្រាកដជានឹងក្លាយជានិមិត្តសញ្ញាដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិក និងជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងអន្តរជាតិនាពេលបច្ចុប្បន្ននេះ។

ទីបីគឺមានភាពណែនាំ។ កិច្ចជំនួបលើកនេះមានរយៈពេល ៤ ម៉ោង ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់ទល់មុខគ្នា យ៉ាងស៊ីជម្រៅ ដោយបានផ្តល់អនុសាសន៍ណែនាំអំពីបញ្ហាលេចធ្លោបំផុត ដូចជាការបង្កើតការយល់ដឹងពីគ្នាដ៏ត្រឹមត្រូវ ការគ្រប់គ្រងការខ្វែងគំនិតឱ្យបានសមរម្យ និងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាដើម ព្រមទាំងបានធ្វើការពិភាក្សាដោយគ្រប់ជ្រុងជ្រោយ អំពីបញ្ហាប្រឈមជាសកលដូចជាការឆ្លើយតបនឹងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល វិបត្តិអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងភាពវៃឆ្លាតសិប្បនិម្មិតជាដើម ព្រមនិងពិភាក្សាបន្ថែមទៀតអំពីវិធីសាស្រ្តត្រឹមត្រូវ សម្រាប់រួមរស់ជាមួយគ្នារវាងប្រទេសចិននិងសហរដ្ឋអាមេរិក ដែលជាប្រទេសធំទាំងពីរ បានបញ្ជាក់ពីទំនួលខុសត្រូវរបស់ប្រទេសធំ ដែលប្រទេសចិន និងសហរដ្ឋអាមេរិកត្រូវរ៉ាប់រង "ចក្ខុវិស័យក្រុងសាន់ហ្វ្រាន់ស៊ីស្កូ" សម្រាប់ឆ្ពោះទៅរកអនាគត ដើម្បីចង្អុលបង្ហាញដែលក្លាយជាទិសដៅ សម្រាប់សម្រេចការអភិវឌ្ឍនៃទំនាក់ទំនងចិន-អាមេរិក ដែលប្រកបដោយភាពល្អបរិសុទ្ធ ស្ថិរភាព និងនិរន្តរភាព ក៏ដូចជាដាក់ចេញផែនទីបង្ហាញផ្លូវផងដែរ។

នៅក្នុងកិច្ចជំនួបប្រមុខរដ្ឋលើកនេះ លោក Xi Jinping បានអធិប្បាយដោយគ្រប់ជ្រុងជ្រោយអំពីគោលជំហរកិត្យានុភាព របស់ប្រទេសចិនស្តីពីការធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាព និងល្អប្រសើរ សំខាន់គឺមានប៉ុន្មានចំណុចដូចខាងក្រោម៖ ទីមួយ ត្រូវតែមានជម្រើសជាប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ។ ទីពីរ គឺត្រូវស្វែងរកវិធីដ៏ត្រឹមត្រូវសម្រាប់ការរួមរស់ជាមួយគ្នា។ ទីបី គឺត្រួសត្រាយចក្ខុវិស័យទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន