(ប៉េកាំង)៖ ថ្ងៃទី ១៦ ខែវិច្ឆិកា ក្នុងសន្និសីទកាសែតជាប្រចាំ មានអ្នកសារព័ត៌មានសួរថា សហគមន៍អន្តរជាតិបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចជំនួបប្រមុខរដ្ឋចិន-អាមរិក តើអ្នកនាំពាក្យអាចណែនាំពីសភាពការណ៍ពាក់ព័ន្ធ និងសមិទ្ធផលអំពីកិច្ចជំនួបបន្ថែមទៀតដែរឬទេ?

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា ថ្ងៃទី១៥ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោកXi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោក Biden ប្រធានាធិបតីអាមេរិកតាមការអញ្ជើញនៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក ប្រមុខរដ្ឋទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅនិងស្មោះត្រង់ ដោយបានពិភាក្សាអំពីផ្លូវរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវ រវាងចិននិងអាមេរិក កំណត់ជាក់លាក់ថែមទៀតនូវទំនួលខុសត្រូវ នៃមហាប្រទេសដែលចិននិងអាមេរិករ៉ាប់រងជាមួយគ្នា បង្កើតជាចក្ខុវិស័យសាន់ហ្វ្រាន់ស៊ីស្កូដែលឆ្ពោះទៅអនាគត ដែលបានតម្រង់ទិសដៅនិងគ្រោងផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍដោយល្អបរិសុទ្ធ នឹងនរនិងចីរភាពនៃទំនាក់ទំនងចិន-អាមេរិក។ កិច្ចជំនួបនេះប្រកបដោយលក្ខណៈស្ថាបនា ភាពវិជ្ជមាននិងគ្រប់ជ្រុងជ្រោយ និងប្រកបដោយសារៈសំខាន់ជាយុទ្ធសាស្រ្តនិងឥទ្ធិពលវែងឆ្ងាយ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន ហើយក៏នឹងក្លាយទៅជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្រ្តចិន-អាមេរិកផងដែរ។

ក្នុងកិច្ចជំនួប លោកXi Jinping បានអធិប្បាយដោយគ្រប់ជ្រុងជ្រោយនូវជំហររបស់ចិន ក្នុងការពង្រឹងនិងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងចិន-អាមេរិក ដោយចង្អុលបង្ហាញពីការរួមគ្នាទាំងប្រាំប្រការ ដែលជាសរសរស្តម្ភសម្រាប់ជំរុញការអភិវឌ្ឍដោយនឹងនរ និងល្អបរិសុទ្ធនូវទំនាក់ទំនងចិន-អាមេរិក ដែលបានត្រួសត្រាយអនាគតថ្មីនៃទំនាក់ទំនងចិន-អាមេរិក។ កិច្ចជំនួបលើកនេះទទួលបាន លទ្ធផលជាផ្លែផ្កាលើវិស័យជាច្រើននិងបានឈានដល់គំនិតឯកភាពរួមជាង ២០ ទាំងនេះបានបង្ហាញថែមទៀតថា ចិននិងអាមេរិកមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ហើយក៏បានបញ្ជាក់ថាទំនាក់ទំនងចិន-អាមេរិកគឺជាទំនាក់ទំនងដែលផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ កិច្ចជំនួបនេះគឺជាកិច្ចជំនួបដែលគ្រប់គ្រងការខ្វែងគំនិតគ្នា និងត្រួសត្រាយកិច្ចសហប្រតិបត្តិការ ហើយក៏ជាកិច្ចជំនួបដែលបំពេញបន្ថែមភាពប្រាកដប្រជា និងស្ថិរភាពដល់ពិភពលោកផងដែរ ហេតុនេះកិច្ចជំនួបសាន់ហ្វ្រាន់ស៊ីស្កូន គួរក្លាយទៅជាទីចាប់ផ្តើមថ្មីនៃទំនាក់ទំនងចិន-អាមេរិក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន