(កៀវ)៖ រដ្ឋមន្រ្តីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស លោក David Cameron បានធ្វើទស្សនកិច្ចក្រៅប្រទេសលើកដំបូង អំឡុងពេលមានសង្រ្គាម ទៅកាន់ទីក្រុងកៀវរបស់អ៊ុយក្រែន និងបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងវីដេអូដែលបង្ហោះដោយលោក ហ្សេលេនស្គី អតីតនាយករដ្ឋមន្រ្តីអង់គ្លេសដែលចូលកាន់តំណែងជារដ្ឋមន្រ្តីការបរទេស កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Cameron បាននិយាយថា លោកចង់គូសបញ្ជាក់អំពីការគាំទ្ររបស់ទីក្រុងឡុងដ៍ សម្រាប់អ៊ុយក្រែន។ លោក Cameron បានបញ្ជាក់ថា «អ្វីដែលខ្ញុំចង់និយាយនៅទីនេះ គឺយើងនឹងបន្តផ្តល់ឲ្យអ្នក នូវការគាំទ្រខាងសីលធម៌ ផ្នែកការទូត... លើសពីការគាំទ្រផ្នែកយោធាដែលមិនត្រឹមតែនៅឆ្នាំនេះ និងឆ្នាំក្រោយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់រយៈពេលយូរ។ អង់គ្លេស នឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីធ្វើឲ្យមានការផ្តោតការយកចិត្តទុកដាក់ចំពោះអ៊ុយក្រែន»។
ចំណែក លោក ហ្សេលេនស្គី បានថ្លែងអំណរគុណអង់គ្លេសសម្រាប់កាយវិការដែលកើតឡើង ចំពេលមានជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងដែលកំពុងទាក់ទាញការចាប់អារម្មណ៍ជាសកល ឲ្យឃ្លាតចេញពីសង្គ្រាមអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពិភពលោកមិនផ្តោតខ្លាំងលើស្ថានភាពសមរភូមិអ៊ុយក្រែនទេ ហើយការបែងចែកការផ្តោតអារម្មណ៍នេះពិតជាមិនអាចជួយអ្វីបានឡើយ»។
គួរបញ្ជាក់ថា អង់គ្លេសគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបើកការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ ២០២២៕