(ហ្ស៊េរុយសាឡិម)៖ ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog បាននិយាយថា អ៉ីស្រាអែលមិនអាចទុកតំបន់ Gaza ចោលបានទេ ហើយត្រូវតែរក្សាកងកម្លាំងយ៉ាងរឹងមាំនៅទីនោះសម្រាប់ក្នុងពេលអនាគតដ៏ខ្លី ដើម្បីរារាំងក្រុមហាម៉ាស់ពីការកើតឡើងវិញ នៅក្នុងដែនដីដែនដីប៉ាឡេស្ទីនមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មាន Financial Times លោក Isaac Herzog បានបញ្ជាក់ថា «ប្រសិនបើយើងបោះបង់ចោល Gaza តើនរណានឹងមកមើលការខុសត្រូវ? យើងមិនអាចទុកចោលបាននោះទេ។ យើងត្រូវតែគិតអំពីយន្តការ។ ប៉ុន្តែគ្មាននរណាម្នាក់ចង់ប្រែក្លាយទីនេះ ឲ្យទៅជាមូលដ្ឋាននៃអំពើភេរវកម្មជាថ្មីម្តងទៀតនោះទេ»

លោក Herzog បានឲ្យដឹងទៀតថា រដ្ឋាភិបាលអ៉ីស្រាអែលកំពុងពិភាក្សាអំពីវិធីសាស្រ្តជាច្រើនសម្រាប់ដំណើរការតំបន់ Gaza ក្រោយពេលបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ហើយសន្មត់ថាសហរដ្ឋអាមេរិក និងអ្នកជិតខាងនៅក្នុងតំបន់ អាចចូលរួមក្នុងការដោះស្រាយជាមួយគ្នា។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រាប់ ABC News ថាអ៉ីស្រាអែលនឹងមិនកំណត់រយៈពេលទទួលខុសត្រូវផ្នែកសន្តិសុខក្រោយសង្រ្គាមនោះទេ ខណៈដែលសហរដ្ឋអាមេរិកបានជំរុញថា ប៉ាឡេស្ទីនគួរតែជាអ្នកគ្រប់គ្រងតំបន់ Gaza ដោយខ្លួនឯង នៅពេលដែលអ៉ីស្រាអែលបញ្ចប់សង្រ្គាមប្រឆាំងក្រុមហាម៉ាស៕

រូបភាពពី Reuters