(សាន់ហ្វ្រាន់ស៉ីស្កូ)៖ ក្រោយកិច្ចប្រជុំកំពូលទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ប្រទេសរបស់លោកនឹងមិនបង្កសង្រ្គាមជាមួយប្រទេសណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងក្នុងវេទិកាមួយដែលប្រមូលផ្តុំដោយក្រុមមេដឹកនាំផ្នែកធុរកិច្ចសហរដ្ឋអាមេរិក នៅឯទីក្រុង San Francisco លោកប្រធានាធិបតីចិន បានលើកឡើងយ៉ាងដូច្នេះថា «ចិនមិនស្វែងរកការបង្កើតដែនឥទ្ធិពល ហើយនឹងមិនធ្វើសង្រ្គាមត្រជាក់ឬក៏សង្រ្គាមក្តៅ ជាមួយប្រទេសណានោះទេ។ ទោះឈានដល់ការអភិវឌ្ឍដំណាក់កាលណាក៏ដោយ ប្រទេសចិននឹងគ្មានថ្ងៃប្រាថ្នាចង់បានអនុត្តរភាព ឬការពង្រីកដែនអំណាច ហើយនឹងមិនដាក់បង្ខំឆន្ទៈរបស់ខ្លួន ទៅលើប្រទេសដទៃទៀតឡើយ»។
លោក ស៉ី ជីនពីង បានបន្តថា ចិនត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើជាមិត្តនិងជាដៃគូរបស់សហរដ្ឋអាមេរិក ហើយចង់បន្តធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងវ៉ាស៉ីនតោនកាន់តែប្រសើរ ដ្បិតចំណងទាក់ទងល្អរវាងកំពូលមហាចអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ គឺមានសារសំខាន់ជាខ្លាំង សម្រាប់ទាំងប្រទេសទាំងពីរផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូល។ លោក ស៉ី បានសង្កត់ធ្ងន់ជាចុងក្រោយថា ពិភពលោកត្រូវការឱ្យចិននិងសហរដ្ឋអាមេរិកធ្វើការជាមួយគ្នា ហើយវាគឺជារឿងខុសឆ្គងមួយ ក្នុងការចាត់ទុកចិនជាការគំរាមកំហែង និងលេងល្បែងយកឈ្នះយកចាញ់ជាមួយចិន។
គួរបញ្ជាក់ថា ក្រោយការប្រឹងប្រែងរៀបចំអស់រយៈពេលជាច្រើនខែ ទីបំផុតលោក ស៉ី ជីនពីង និងលោក ចូ បៃដិន បានបើកកិច្ចប្រជុំកំពូលជាមួយគ្នា នៅក្រៅព្រឹត្តិការណ៍ APEC ក្នុងទីក្រុង San Francisco ដើម្បីព្យាយាមស្តារទំនាក់ទំនងដែលដុនដាបឱ្យប្រសើរឡើងវិញ។ លោក ស៉ី និងលោក បៃដិន បានជជែកគ្នាអំពីប្រធានបទសកលនិងទ្វេភាគីជាច្រើន ហើយក៏ឈានដល់ការឯកភាពគ្នា លើបញ្ហាមួយចំនួនផងដែរ។ វាគឺជាជំនួបទល់មុខគ្នាលើកទី២រវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក បៃដិន បានឡើងកាន់អំណាចកាលពី ដើមឆ្នាំ២០២១។ លោក លោក ស៊ី ជិនពីង និងលោក ចូ បៃដិន បានជួបមុខគ្នាដោយផ្ទាល់លើកចុងក្រោយ នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 រៀបចំឡើងនៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២៕
រូបភាពពី Reuters