(ណៃពិដោ)៖ មន្រ្តីមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យោធានៃរបបសឹកមីយ៉ាន់ម៉ាបានរាយការណ៍អំពី «ការវាយលុកយ៉ាងធ្ងន់ធ្ងរ» ពីសំណាក់ចលនាក្រុមប្រដាប់អាវុធ និងបានប្រាប់បុគ្គលិករដ្ឋាភិបាលឲ្យត្រៀមលក្ខណៈសម្រាប់ភាពអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធានៃរបបសឹក លោក Zaw Min Tun បាននិយាយថា យោធាកំពុងប្រឈមនឹងការវាយលុកយ៉ាងខ្លាំង ពីក្រុមប្រដាប់អាវុធជាច្រើននាក់ក្នុងរដ្ឋ Shan នៅភាគឦសាន រដ្ឋ Kayah នៅភាគខាងកើត និងរដ្ឋ Rakhine នៅភាគខាងលិច។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់កាលពីល្ងាចថ្ងៃពុធសប្តាហ៍ថា «យើងកំពុងចាត់វិធានការជាបន្ទាន់ ដើម្បីការពារប្រឆាំងនឹង ការវាយប្រហារយ៉ាងខ្លាំងក្លា ដោយគ្រាប់បែកទម្លាក់ចេញពីយន្តហោះដ្រូន»

លោក Tin Maung Swe លេខាធិការនៃក្រុមប្រឹក្សារដ្ឋធានីណៃពិដោ បាននិយាយថា បុគ្គលិករដ្ឋាភិបាលត្រូវបានបញ្ជា ឲ្យបង្កើតអង្គភាពដើម្បីឆ្លើយតបទៅនឹងស្ថានភាព «គ្រាអាសន្ន» នៅក្នុងរដ្ឋធានីណៃពិដោ។ ប៉ុន្តែលោក Tin Maung Swe បានបដិសេធថា បទបញ្ជានេះមិនសម្រាប់ឆ្លើយតបនឹងស្ថានភាពសន្តិសុខនោះទេ តែជាផែនការត្រៀមលក្ខណៈដើម្បីជួយ ក្នុងករណីមានអាសន្ន ជាពិសេសគ្រោះមហន្តរាយធម្មជាតិ»

ប្រព័ន្ធផ្សព្វផ្សាយ Khit Thit របស់មីយ៉ាន់ម៉ា បានរាយការណ៍ថា ក្នុងបទបញ្ជាដាច់ដោយឡែកមួយរបស់ក្រុមប្រឹក្សារដ្ឋបាលយោធា (SAC) បានអំពាវនាវឲ្យអ្នកដែលធ្លាប់ហ្វឹកហ្វឺនផ្នែកយោធាជាមូលដ្ឋានទាំងអស់ គួរតែត្រៀមខ្លួនដើម្បីទៅបម្រើជាតិ។ យ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់សេចក្តីរាយការណ៍នេះដោយឯករាជ្យបាននោះទេ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានប្រយុទ្ធជាមួយចលនាប្រឆាំងជនជាតិភាគតិច និងការបះបោរផ្សេងទៀតរយៈពេល ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋប្រហារឆ្នាំ ២០២១ បាននាំឲ្យមានការសហការគ្នាមិនធ្លាប់មានពីមុនមក ក្នុងចំណោមកងកម្លាំងប្រដាប់អាវុធនានា ដែលប្រឆាំងនឹងរបបសឹក៕

រូបភាពពី Reuters