(មូស្គូ)៖ ក្រុមហ៊ុនអវកាសរុស្ស៉ី RKK Energia ដែលទទួលបន្ទុកកម្មវិធីបញ្ជូនមនុស្សឡើងទីអវកាសរបស់ប្រទេសរុស្ស៉ី បានឱ្យដឹងថា រុស្ស៉ីមានគម្រោងបញ្ជូនអវកាសយានិក ឱ្យទៅដល់លើព្រះចន្ទនៅទសវត្សរ៍ខាងមុខជាលើកដំបូង នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយមានបំណងសាងសង់មូលដ្ឋានមួយនៅទីនោះ ចាប់ពីឆ្នាំ២០៣១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
គម្រោងព្រាងមួយដែលបង្ហាញដោយ លោក Vladimir Solovyov នៃក្រុមហ៊ុន RKK Energia បានឱ្យដឹងថា រុស្ស៉ីកំពុងរៀបគម្រោងបេសកកម្មបញ្ជូនមនុស្សទៅឋានព្រះចន្ទ ដែលរួមមានទាំងការនាំយកជនជាតិរុស្ស៉ីទៅដល់លើព្រះចន្ទជាលើកដំបូង រួមជាមួយវត្តមានមូលដ្ឋានស្រាវជ្រាវនិងស្នាក់នៅមួយ នៅទីនោះផងដែរ។ យោងតាមគម្រោងដដែល កាលបរិច្ឆេទសម្រាប់ដំណើរការសាងសង់មូលដ្ឋានឋានព្រះចន្ទខាងលើ គឺចន្លោះឆ្នាំ២០៣១-២០៤០។ កាលពីខែសីហា ឆ្នាំនេះ បេសកកម្មឋានព្រះចន្ទលើកទីមួយរបស់រុស្ស៉ី ក្នុងរយៈពេល៤៧ឆ្នាំ បានទទួលបរាជ័យ នៅពេលដែលយានរ៉ូបូត Luna-25 បានធ្លាក់ទៅបុកលើផ្ទៃព្រះចន្ទពេញទំហឹង។ ភាពបរាជ័យនោះ បានគូសរំលេចពីការចុះទន់ខ្សោយ នៃកម្មវិធីអវកាសរបស់រុស្ស៉ី នៅក្រោយសម័យសូវៀត។
គួរបញ្ជាក់ថា អវកាសយានិកអាមេរិក លោក Neil Armstrong ទទួលបានភាពល្បីល្បាយទូទាំងពិភពលោក នៅឆ្នាំ១៩៦៩ សម្រាប់ការក្លាយជាមនុស្សដំបូងគេ ដែលបានដើរលើឋានព្រះចន្ទ ប៉ុន្តែបេសកកម្ម Luna-2 របស់អតីតសហភាពសូវៀតឯណោះទេ គឺជាយានរ៉ូបូតដំបូងគេ ដែលបានទៅដល់លើផ្ទៃព្រះចន្ទ នៅឆ្នាំ១៩៥៩ ហើយបេសកកម្ម Luna-9 នៅឆ្នាំ១៩៦៦ គឺជាបេសកកម្មយានរ៉ូបូតដំបូងបំផុត ដែលបានធ្វើការចុះចតតាមសម្រួលដោយជោគជ័យ នៅទីនោះ។ អវកាសយានិករុស្ស៉ី លោក Yuri Gagarin ក៏បានក្លាយជាមនុស្សដំបូងគេ ដែលបានឡើងទៅកាន់ទីអវកាសផងដែរ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ ប៉ុន្តែពុំមានអវកាសយានិកសូវៀតរូបណា ធ្លាប់ទៅជាន់លើដីព្រះចន្ទឡើយ៕
រូបភាពពី AFP