(ហ៊្សេរុយសាឡិម)៖ មេដឹកនាំបក្សប្រឆាំងម្នាក់នៃប្រទេសអ៉ីស្រាអែល លោក Yair Lapid អំពាវនាវឱ្យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ចុះចេញពីតំណែងភ្លាមៗតែម្តង ដោយមិនចាំបាច់រង់ចាំដល់ សង្រ្គាមប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ Gaza បិទបញ្ចប់ទៅសិននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃពុធសប្តាហ៍នេះ លោក Lapid បានលើកឡើងយ៉ាងដូច្នេះថា «លោក Netanyahu គួរចុះចេញពីតំណែងជាបន្ទាន់... យើងត្រូវការការផ្លាស់ប្តូរ, លោក Netanyahu មិនអាចបន្តធ្វើជានាយករដ្ឋមន្រ្តីទេ។ ពួកយើងមិនអាចបណ្តោយឱ្យខ្លួនឯង ធ្វើយុទ្ធនាការរយៈពេលវែងមួយ នៅក្រោមនាយករដ្ឋមន្រ្តីម្នាក់ ដែលបានបាត់បង់ការជឿទុកចិត្តពី​ប្រជាជននោះឡើយ»

គួរបញ្ជាក់ថា រយៈពេល៤ថ្ងៃ បន្ទាប់ពីការឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើប្រទេសអ៉ីស្រាអែល លោក Netanyahu និងមេដឹកនាំបក្សប្រឆាំងម្នាក់ទៀតគឺ លោក Benny Gantz បានប្រកាសពីកិច្ចព្រមព្រៀង ដើម្បីបង្កើតរដ្ឋាភិបាលគ្រាអាសន្នមួយ សម្រាប់អំលុងពេលប្រព្រឹត្តទៅ នៃសង្រ្គាមជាមួយពួកហាម៉ាស។ នាពេលនោះ លោក Lapid បាននិយាយថា រូបលោកនឹងមិនចូលរួមជាមួយទេ ដោយចោទប្រកាន់មេដឹកនាំអ៉ីស្រាអែល អំពីភាពបរាជ័យដែលមិនអាចលើកលែងឱ្យបាន ដោយសារមិនអាចទប់ស្កាត់ការវាយប្រហារ «៧ តុលា»។

យ៉ាងណាក្តី បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល លោក Lapid ដែលធ្លាប់ដឹកនាំរដ្ឋាភិបាលចម្រុះអ៉ីស្រាអែល មុនពេលលោក Netanyahu ត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីឆ្នាំ២០២២ គឺមិនធ្លាប់បានប្រកាសទាមទារឱ្យលោកនាយករដ្ឋមន្រ្តីចុះពីតំណែងឡើយ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក៕

រូបភាពពី AFP