(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Interfax ដោយស្រង់សម្តីក្រសួងការពារជាតិរុស្ស៉ី បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៉ី បានដាក់ពង្រាយមីស៉ីលនុយក្លេអ៊ែរយុទ្ធសាស្រ្តមួយទៀត ដែលបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង Avangard ដែលទីក្រុងមូស្គូ​ធ្លាប់អះអាងថា គឺជាចម្លើយរបស់ខ្លួន ចំពោះប្រព័ន្ធការពារមីស៉ីលរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយដាក់ពង្រាយនៅមូលដ្ឋានមួយក្នុងខេត្ត Orenburg ភាគនិរតីរុស្ស៉ី ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង Avangard អាចបំពាក់លើមីស៉ីលបាលិស្ទីគសម្រាប់បាញ់ឆ្លងទ្វីប ហៅថា ICBM ហើយអាចធ្វើដំណើរក្នុងល្បឿន លឿនជាងល្បឿនសំឡេងរហូតដល់​២៧ដង ឬស្មើនឹង៣៤,០០០គីឡូម៉ែត្រ/ម៉ោងឯណោះ នៅពេលវាហោះឆ្ពោះទៅរកគោលដៅ។

គួរបញ្ជាក់ថា យោងតាមក្រុមអ្នកវិភាគសព្វាវុធ មីស៉ីលល្បឿនលឿនជាងសំឡេងដូចខាងលើ គឺបង្កផលលំបាកសម្រាប់ប្រព័ន្ធការពារមីស៉ីល ក្នុងការធ្វើសកម្មភាពបាញ់ស្ទាក់ ហើយប្រទេសរុស្ស៉ីចាត់ទុកវាជាកូនសោគន្លឹះដ៏សំខាន់មួយ ក្នុងការរក្សាអំណាចអាវុធនុយក្លេអ៊ែររបស់ខ្លួន។ រុស្ស៉ីបានដាក់ពង្រាយមីស៉ីលបំពាក់ក្បាលគ្រាប់ Avangard មួយដំបូង កាលពីឆ្នាំ២០១៩ នៅឯមូលដ្ឋានដូចគ្នា ក្នុងខេត្ត Orenburg៕