(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកមិនបានផ្លាស់ប្តូរទស្សនៈរបស់លោក ដែលយល់ឃើញថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង គឺប្រៀបដូចជាជនផ្តាច់ការនោះឡើយ ខណៈមេដឹកនាំទាំងពីរទើបតែបើកកិច្ចប្រជុំ​ទល់មុខគ្នា ក្រោយការរៀបចំអស់រយៈពេលជាច្រើនខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក បៃដិន បានធ្វើសន្និសីទសារព័ត៌មានតែម្នាក់ឯង​ ក្រោយកិច្ចពិភាក្សាគ្នារយៈពេល៤ម៉ោង ជាមួយលោក ស៉ី ជីងពីង នៅជាយទីក្រុង San Francisco។ នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាននោះ ក្រុមអ្នកសារព័ត៌មានក៏បានសាកសួរថា តើរូបលោកនៅតែរក្សាទស្សនៈ​ចាត់ទុកលោក ស៉ី ជាជនផ្តាច់ការដដែលឬក៏យ៉ាងណា លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបយ៉ាងដូច្នេះថា «លោក ស៉ី គឺជាមេដឹកផ្តាច់ការមែន។ លោក ស៉ី គឺប្រៀបដូចជាជនផ្តាច់ការ ត្រង់ថាលោកគឺជាមេដឹកនាំម្នាក់ គ្រប់គ្រងប្រទេសមួយជាប្រទេសកុម្មុយនិស្ត ដែលឈរលើប្រព័ន្ធរដ្ឋាភិបាលខុសស្រឡះពីយើង»

កាលពីខែមីនា ឆ្នាំនេះ លោក ស៉ី បានបន្តអាណត្តិទី៣ក្នុងនាមជាប្រធានាធិបតីចិន។ លោក ស៉ី ជីនពីង ត្រូវបានគេចាត់ទុកជាមេដឹកនាំចិន ដែលមានអំណាចខ្លាំងក្លាបំផុត គិតចាប់តាំងពីលោក ម៉ៅ សេទុង ក្រោយការប្រមូលផ្តុំអំណាចអស់រយៈពេល១ទសវត្សរ៍ ទាំងនៅក្នុងការ​តាក់តែងគោលនយោបាយ និងនៅក្នុងយោធា។ ភ្លាមៗនេះមិនទាន់មានប្រតិកម្មណាមួយពីគណៈប្រតិភូចិននៅឡើយទេ ដែលបានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង San Francisco។

គួរបញ្ជាក់ថា នៅពេលដែលលោក បៃដិន បានហៅលោក ស៉ី ជាមេដឹកនាំផ្តាច់ការកាលពីខែមិថុនា ទីក្រុងប៉េកាំងបានចេញមុខរិះគន់ធ្ងន់ៗ លើសម្តីរបស់លោក។ ទោះជាបែបនោះក៏ដោយ វាមិនបានរារាំងភាគីទាំងពីរ ក្នុងការរៀបចំកិច្ចភាក្សា ដែលមានគោលដៅធ្វើឱ្យប្រសើរឡើង​វិញនូវទំនាក់ទំនងទ្វេភាគីនោះឡើយ និងជាលទ្ធផលឈានដល់សម្រេចបានកិច្ចប្រជុំកំពូលទ្វេភាគីរវាងលោក បៃដិន និងលោក ស៉ី កាលពីថ្ងៃពុធ៕

រូបភាពពី AFP