(វ៉ាស៉ីនតោន)៖ ប៉ូលិសវិមាន Capitol របស់សហរដ្ឋអាមេរិក ក្នុងឯកសណ្ឋានបង្រ្កាបកុបកម្មបានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករដែលប្រមូលផ្ដុំគ្នា នៅខាងក្រៅឮទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC) ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីទាមទាររកបទឈប់បាញ់នៅតំបន់ Gaza។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការទាមទារនេះរៀបចំឡើងដោយអ្នកតស៊ូមតិចំនួន ៣ក្រុមនៅតំបន់ក្បែរវិមាន Capitol របស់សហរដ្ឋអាមេរិក។ ប៉ូលិសការពារវិមានកាពីតូល បាននិយាយថា មន្ត្រីរបស់ខ្លួនបានទប់ស្កាត់មនុស្សប្រហែល ១៥០នាក់ដែលកំពុងតវ៉ាដោយខុសច្បាប់ និងដោយហិង្សា។ មន្រ្តីបានចាប់ខ្លួនក្រុមអ្នកតវ៉ា ហើយប្រាប់ប្រជាជនឲ្យនៅឆ្ងាយពីតំបន់នោះ។ អ្នកយកព័ត៌មានម្នាករបស់ Reuters បាននិយាយថា ប៉ូលិសបានប្រើប្រាស់ spray ម្សៅម្រេចបាញ់ ទៅលើក្រុមអ្នកតវ៉ា។

គួរបញ្ជាក់ថា បើតាមរូបភាពវីដេអូនៃបាតុកម្មដែលត្រូវបានបង្ហោះលើបណ្តាញសង្គម ក្រុមមន្ត្រីបានរុញច្រានក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំគ្នា ដោយពាក់ អាវពណ៌ខ្មៅ និងមានសរសេរថា «ត្រូវតែមានបទឈប់បាញ់ឥឡូវនេះ»

 

 

រូបភាពពី Reuters