(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានរិះគន់ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក ទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ និងប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថាជាការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹងនៅក្នុងតំបន់ ដោយសំដៅទៅលើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ។

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា «កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នឹងត្រួតពិនិត្យយ៉ាងហ្មត់ចត់ ហើយទប់ស្កាត់នូវរាល់ ការគំរាមកំហែងណាមួយដល់សន្តិសុខ ក៏ដូចជាផលប្រយោជន៍ជាតិ រួមទាំងសមត្ថភាពប្រឆាំងដ៏ខ្លាំងក្លាលើសលប់ និងតាមរយៈសកម្មភាព យោធាជាយុទ្ធសាស្ត្រដែលយើងកំពុងឃើញស្រាប់»

គួរបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក ក្នុងទីក្រុងសេអ៊ូល សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានកែលម្អកិច្ចព្រមព្រៀង សន្តិសុខទ្វេភាគី សំដៅរារាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៉ីលកូរ៉េខាងជើង។ កូរ៉េខាងជើង ចាត់ទុកថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត គឺជាទទួល ខុសត្រូវចំពោះការធ្វើឲ្យមានភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ ដោយលើកឡើងពីសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ពួកគេ និងការបង្កើន វត្តមានយោធាជាយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់៕

រូបភាពពី Reuters