(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា បាននិយាយថាសហរដ្ឋអាមេរិកមិនបានផ្ដល់ភ្លើងបៃតង ឱ្យអ៉ីស្រាអែលបើកប្រតិបត្តិការវាយឆ្មក់ នៅក្នុងមន្ទីរពេទ្យធំជាងគេបំផុតនៃតំបន់ហ្កាហ្សានោះទេ ហើយថាយោធាអ៉ីស្រាអែលគឺជាអ្នកសម្រេចចិត្តធ្វើបែបនេះដោយខ្លួនឯង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់ខាងលើរបស់សេតវិមាន ធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាសបានទម្លាក់ការទទួលខុសត្រូវទាំងស្រុងទៅលើលោក ចូ បៃដិន ចំពោះការវាយឆ្មក់ របស់អ៉ីស្រាអែលក្នុងមន្ទីរពេទ្យ Al-Shifa។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «យើងមិនបានផ្ដល់ភ្លើងបៃតង សម្រាប់ប្រតិបត្តិការយោធារបស់ពួកគេ (អ៉ីស្រាអែល) នៅជុំវិញមន្ទីរពេទ្យនោះទេ»។ ប៉ុន្តែ នៅពេលត្រូវបានសាកសួរពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក បៃដិន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល កាលពីថ្ងៃអង្គារកន្លងទៅនេះថាតើលោក បៃដិនបាន ព្រមានប្រឆាំងអ៉ីស្រាអែលជាមុន ពីប្រតិបត្តិការវាយឆ្មក់នេះដែរឬក៏យ៉ាងណា? លោក John Kirby បានត្រឹមនិយាយថាលោកមិនចង់និយាយអ្វីលម្អិតពី កិច្ចសន្ទនានោះឡើយ។

គួរបញ្ជាក់ថា កងកម្លាំងយោធាអ៉ីស្រាអែល បានវាយឆ្មក់ចូលមន្ទីរពេទ្យ Al-Shifa ក្នុងតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ដោយបង្កឱ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់អ្នកជំងឺ បុគ្គលិក និងជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យធំជាងគេមួយនេះក្នុងតំបន់ហ្កាហ្សា។ អ៉ីស្រាអែលបានចោទប្រកាន់ថាហាម៉ាសបានស្តុកអាវុធ និងប្រើប្រាស់មន្ទីរពេទ្យ Al-Shifa ដើម្បីធ្វើប្រតិបត្តិការយោធា ហើយសហរដ្ឋអាមេរិកក៏បានគាំទ្រ ការលើកឡើងរបស់អ៉ីស្រាអែលផងដែរ។ តែក្រុមហាម៉ាសបានបដិសេធចោល៕

រូបភាពពី Reuters