(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយអំពាវនាវ ឱ្យមានការពង្រីកបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់ កិច្ចការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នេះគឺជាការអនុម័តជាលើកដំបូងលើដំណោះស្រាយមួយ ចាប់តាំងពីសង្រ្គាមដ៏បង្ហូរឈាមរវាងអ៉ីស្រាអែល និងហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា មក។ ដំណោះស្រាយនេះដែរត្រូវបានព្រាងឡើងដោយប្រទេសម៉ាល់ត៍ និងទទួលបានការអនុម័តយល់ព្រមពីសមាជិកចំនួន ១២ នៅក្នុងចំណោម សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN។ ចំណែក សហរដ្ឋអាមេរិក រុស្ស៉ី និងចក្រភពអង់គ្លេសដែលសុទ្ធតែមានអំណាចវេតូ បានអនុបវាទលើ ដោះស្រាយនេះនេះក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ។

ដំណោះស្រាយព្រាងឡើងដោយប្រទេសម៉ាល់ត៍ បានអំពាវនាវឱ្យមានការពង្រីកបទឈប់បាញ់មនុស្សជាបន្ទាន់ និងបើកច្រករបៀងនៅទូទាំងតំបន់ ហ្កាហ្សា ដើម្បីជួយសម្រួលដល់ការផ្ដល់ជំនួយទៅដល់ប្រជាជនស៊ីវិល ព្រមទាំងអំពាវនាវផងដែរឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

គួរបញ្ជាក់ថា ដំណោះស្រាយខាងលើ ជាការប៉ុនប៉ងលើកទី៥ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បបញ្ចេញសកម្មភាពរបស់ខ្លួន ចាប់តាំងពីសង្រ្គាម អ៉ីស្រាអែល និងហាម៉ាសផ្ទុះឡើងមក។ ដំណោះស្រាយនៅលើកនេះត្រូវបានអនុម័ត ដ្បិតមិនមានការបោះឆ្នោតវេតូពីសមាជិកអចិន្ត្រៃយ៍ ដោយ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអនុបវាទ ជាមួយការអះអាងថាដោយសារតែដំណោះស្រាយនេះមិនបានថ្កោលទោសការវាយប្រហារ របស់ក្រុមហាម៉ាសលើអ៉ីស្រាអែល រីឯរុស្ស៉ីអះអាងថាខ្លួនអនុបវាទ គឺដោយសារតែមិនមានការអំពានាវឱ្យបទឈប់បាញ់ពេញលេញមួយភ្លាមៗ៕

រូបភាពពី Reuters