(ប៉ារីស)៖ ប្រទេសបារាំង បានចេញដីកាចាប់ខ្លួន លោក Bashar al-Assad ដោយចោទប្រកាន់ប្រធានាធិបតីស៊ីរីរូបនេះពីបទសមគំនិតក្នុងការប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការវាយប្រហារដោយប្រើប្រាស់អាវុធគីមី កាលពីឆ្នាំ២០១៣។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពមួយពីតុលាការបារាំងដែលខ្លួនទទួលបាន បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា លោក Assad ក៏ជាប់សង្ស័យ ផងដែរពីការសមគំនិតក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានចោទប្រកាន់ឡើងដោយក្រុមប្រឆាំងស៊ីរី ថារបបដឹកនាំរបស់លោកបានសម្លាប់មនុស្ស ច្រើនជាង ១៤០០នាក់ នៅក្បែរទីក្រុងដាម៉ាស កាលពីខែសីហា ឆ្នាំ២០១៣។ តាម​ AFP ដីកាចាប់ខ្លួនអន្តរជាតិក៏ត្រូវបានចេញផងដែរសម្រាប់ប្អូនប្រុស លោក Assad គឺលោក Maher ដែលជាមេដឹកនាំអង្គភាពយោធាជាន់ខ្ពស់មួយរបស់រដ្ឋាភិបាលស៊ីរី។

គួរបញ្ជាក់ថា នេះគឺជាដីកាចាប់ខ្លួនអន្តរជាតិលើកដំបូងបំផុត ប្រឆាំងនឹងមេដឹកនាំស៊ីរី ចាប់តាំងសង្រ្គាមនៅស៊ីរីផ្ទុះឡើងកាលពីឆ្នាំ២០១១មក ហើយនេះក៏ជា ដីការចាប់ខ្លួនលើកដំបូងផងដែរ ពាក់ព័ន្ធនឹងការវាយប្រហារដោយអាវុធគីមីនៅក្នុងទីក្រុង Ghouta កាលពីឆ្នាំ២០១៣ ដែលក្រុមប្រឆាំងចោទប្រកាន់ថា ជាស្នាដៃរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី។ ប៉ុន្តែទាំងលោក Assad និងរដ្ឋាភិបាលរបស់លោកបានច្រានចោលការចោទប្រកាន់នេះ៕

រូបភាពពី Reuters